(បរទេស)៖ បន្ទាប់ពីព្យុះភ្លៀងនៅ Twitter ស្ទើតែរង្គើរបាត់ក្រុមហ៊ុន ពេលនេះទទួលបានដំណឹងល្អថា ក្រុមហ៊ុន Amazon និង Apple ដែលធ្លាប់តែមានបំណងកាត់ផ្តាច់ការផ្សាយពាណិជ្ជកម្មនៅ Twitter ចាប់តាំងពី Elon Musk ឡើងកាន់តំណែងឥឡូវនេះ គ្រោងនឹងបន្តការផ្សាយពាណិជ្ជកម្មឡើងវិញក្នុងទំហំទឹកប្រាក់ច្រើនជាងមុនទ្វេដង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រភពពី Platformer News បានរាយការណ៍មកថា Amazon គ្រោងបន្តការផ្សាយពាណិជ្ជកម្មនៅលើ Twitter វិញក្នុងតម្លៃប្រហែល ១០០លានដុល្លារក្នុងមួយឆ្នាំ ក៏ប៉ុន្តែមិនទាន់សម្រេចដាក់ផ្សាយភ្លាមៗនោះទេ ដោយរង់ចាំការប្រែសុវត្ថិភាពមួយចំនួនចំពោះ Platform របស់ Twitter ជាមុនសិន។ យ៉ាងណាមិញប្រភពដដែលបានអះអាងបន្ថែមទាក់ទិននឹងរបាយការណ៍កន្លងមកថា Amazon មិនដែលមានបំណងចង់បញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅលើ Twitter ដូចដែលពាក្យចចាមអារ៉ាមមុនៗនោះទេ។

របាយការណ៍ពី Bloomberg មួយផ្សេងទៀតដែលបានដកស្រង់សំដី Musk ក្នុងអំឡុងពេលសន្ទនា Twitter Spaces បានប្រកាសថា «Apple គឺជាក្រុមហ៊ុនតែមួយគត់ដែលជាអ្នកផ្សាយពាណិជ្ជកម្មធំជាងគេនៅលើ Twitter»។ បន្ទាប់ពីដោះស្រាយការយល់ច្រឡំរវាងថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុនទាំងពីរបានបញ្ចប់ពេលនេះ Musk ហាក់មានសង្ឈឹមឡើងវិញជាមួយទំហំដាក់ផ្សាយពាណិជ្ជកម្មជាច្រើន តែយ៉ាងណាលោកមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ជាក់លាក់នោះទេ។

គួរបញ្ជាក់ដែរថា ចាប់តាំងពីការចូលកាន់តំណែងជាផ្លូវការរបស់ Musk ក្នុងនាមជាម្ចាស់ Twitter ក្រុមហ៊ុននេះត្រូវបានរុះរើរចនាសម្ព័ន្ធស្ទើតែគ្មានសល់ដោយក្នុងនោះរួមមានការបញ្ឈប់បុគ្គលិកទាំងតូចទាំងធំ គាស់កាយបុគ្គលដែលបានក្លែងបន្លំជាក្រុមហ៊ុនសាធារណៈធំៗតាមរយៈ Twitter Blue។ លើសពីនេះទៅទៀត Musk បានដាក់ចេញនូវគោលការណ៍ Verify បណ្តាញផ្សព្វផ្សាយសង្គម Twitter ថែមទៀតផងដោយក្នុងនោះរួមមានជម្រើសចំនួន ៣គឺ Twitter Blue ,Gold និង Gray៕