(ដូហា)៖ ក្រុមសាំបាប្រេស៊ីល អតីតជើងឯកពិភពលោក ៥សម័យកាលច្រើនជាងគេ ឡើងទៅប៉ះក្រូអាតក្នុងវគ្គ ៨ក្រុមចុងក្រោយនៃ World Cup 2022 នៅប្រទេសកាតា ក្រោយទម្លាក់ក្រុមនៅអាស៊ី កូរ៉េខាងត្បូង។

ប្រេស៊ីល បានលេងឈ្នះកូរ៉េខាងត្បូងដល់ទៅ ៤-១ ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយនាយប់មិញនេះ គ្រាដែលគូប្រជែងក្រូអាត ដែលអតីតរងជើងឯកកាលពី ៤ឆ្នាំមុនយកឈ្នះជប៉ុនដោយបាល់ប៉េណាល់ទី នៅពេលប្រកួត ១២០នាទីស្មើគ្នា ១ទល់នឹង១។

នេះមានន័យថា ៣ក្រុមនៅអាស៊ីដែលបានឡើងដល់វគ្គ ១៦ក្រុមនោះ ហាលអាវអស់ហើយរួមមាន អូស្រ្តាលី ជប៉ុន និងកូរ៉េខាងត្បូង។

ជំនួបរវាងក្រុមនៅអាមេរិកឡាទីន ប្រេស៊ីល និងក្រុមនៅអឺរ៉ុប ក្រូអាត នឹងធ្វើឡើងនារាត្រីម៉ោង ១០យប់ ថ្ងៃទី០៩ ខែធ្នូ (ម៉ោងនៅកម្ពុជា)៕