(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ប្រកាសកាត់បន្ថយការផលិតរថយន្ត Model Y ក្នុងប្រទេសចិនជាង ២០ភាគរយសម្រាប់ខែនេះ បើធៀបនឹងចំនួនផលិតកាលពីខែវិច្ឆិកាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

យ៉ាងណាមិញជុំបញ្ហាប្រកាសកាត់បន្ថយការផលិតរថយន្តភ្លាមៗនេះមិនទាន់មានការបញ្ជាក់លម្អិតណាមួយនោះទេ។ តែបើយោងតាមរបាយការណ៍កន្លងមកទំនងជាបណ្តាលមកពីជំងឺរាតត្បាត COVID-19 ដែលធ្វើឱ្យតម្រូវការធ្លាក់ចុះ និងបង្កឱ្យមានភាពយឺតយ៉ាវនៃការផលិតទូទាំងឧស្សាហកម្មរថយន្តនៅក្នុងទីក្រុងសៀងហៃដែលជាជម្រកដ៏ធំជាងគេរបស់ Tesla។

គួរបញ្ជាក់ដែរថា បន្ទាប់ពីសេចក្តីថ្លែងការណ៍កាត់បន្ថយការផលិតរថយន្តនៅទីក្រុងសៀងហៃរបស់ Tesla ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនេះបានធ្លាក់ចុះជាគំហុកខ្ទង់២.១ ភាគរយភ្លាមៗនៅក្នុងផ្សារហ៊ុនទីក្រុងញូយ៉ក៕