(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប ឬ Elf Cup Race Endurance ដែលរៀបចំដោយ ភ្នាក់ងាររៀបចំការ៉ាកម្ពុជា(KARA) ក្រោមកិច្ចសហការ និងគាំទ្រពីសហព័ន្ធកីឡាយានយន្ដកម្ពុជា នឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះ បន្ទាប់ពីខកខានរៀបចំប្រមាណ ៣ឆ្នាំ ដោយសារកូវីដ-១៩ ។

លោក ពៅ តិចឡេង តំណាង KARA បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ គ្រោងរៀបចំ ៣ថ្ងៃ ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅទីលាន YCC ខេត្តកំពង់ស្ពឺ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ៤៨នាក់ ក្នុងនោះក៏មានកីឡាករជប៉ុនម្នាក់ផងដែរ ដែលត្រូវប្រកួតលើ ៥កម្រិតផ្សេងៗគ្នា ។

តាមរយៈការត្រឡប់មកវិញ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបនេះ លោកបានអំពាវនាវដល់កីឡាករ និងអ្នកគាំទ្រវិស័យកីឡាមួយនេះ ចូលរួមលើកស្ទួយវិស័យកីឡាយានយន្ដនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ដ្បិតកម្មវិធីនេះ បានខកខានប្រមាណ ៣ឆ្នាំមកហើយ ដោយសារវិបត្តិកូវីដ-១៩ ។ រីឯឆ្នាំក្រោយភ្នាក់ងារ KARA បានប្ដេជ្ញានឹងខិតខំរៀបចំឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

លោក ខៃ វណ្ណៈ អគ្គលេខាធិការរងសហព័ន្ធដ បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការរៀបចំការប្រណាំងម៉ូតូលើវាលរាបនេះ ក្នុងនាមសហព័ន្ធ គឺផ្តោតសំខាន់លើគោលការណ៍ចម្បងចំនួន ១ ទី១-គោលការណ៍ថែរក្សាសុវត្ថិភាព និងទី២-គោលការណ៍គោរពវិន័យឲ្យបានខ្ពស់បំផុតក្នុងការប្រណាំង ។ ហេតុនេះ លោកបានជំរុញ និងលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីចូលរួមទាំងអស់ ត្រូវគោរពបទបញ្ជា និងលក្ខខណ្ឌការប្រកួតឲ្យបានដាច់ខាត ។

សម្រាប់ប្រាក់រង្វាន់ជយលាភីវិញ សម្រាប់ផ្នែក Endurance ម្ចាស់ជយលាភីជើងឯក ទទួលបាន ៤លានរៀល, លេខ២ ទទួលបាន ៣លានរៀល និងលេខ៣ ទទួលបាន ២លានរៀល។ ចំណែកប្រាក់រង្វាន់សម្រាប់កម្រិត A B C D នឹងទទួលបានប្រាក់រង្វាន់លេខ១ ចំនួន ២លានរៀល, លេខ២ ចំនួន ១លាន ២សែនរៀល និងលេខ៣ ទទួលបាន ៨០ម៉ឺនរៀល ៕