(អាមេរិក)៖ បុរសម្នាក់ឈ្មោះ James Howard Jackson ដែលបានបាញ់ និងធ្វើឲ្យរបួសអ្នកបណ្តើរឆ្កែ Lady Gaga អំឡុងពេលហេតុការប្លន់សត្វឆ្កែ កាលពីឆ្នាំមុននោះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល២១ឆ្នាំ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

James Howard Jackson ត្រូវបានគេដឹងថា ស្ថិតក្នុងចំណោមជនសង្ស័យ៥នាក់ផ្សេងទៀត ដែលត្រូវបានកំណត់អត្តសញ្ញាណក្នុងហេតុការណ៍ការប្លន់សត្វឆ្កែប្រភេទ Bulldogs របស់កំពូលតារាចម្រៀង Lady Gaga កាលពីឆ្នាំមុន។ Jackson ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ​ប៉ុនប៉ង​មនុស្ស​ឃាត ការ​សម​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ប្លន់ និង​ប្រើប្រាស់​អាវុធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ។

បើតាមការិយាល័យមេធាវីនៅ Los Angeles បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា Jackson បាន​ទទួល​ស្គាល់​ផង​ដែរ​ ចំពោះ​ការ​ចោទ​ប្រកាន់​ នៃ​ការ​ធ្វើ​ឲ្យ​មាន​របួស​រាង​កាយ​យ៉ាង​ខ្លាំងដល់បុរសឈ្មោះ Ryan Fischer ដែលជាអ្នកបណ្តើរឆ្កែ Lady Gaga ។ Fischer បានចូលរួមសវនាការនៅថ្ងៃចន្ទនេះ ហើយយោងតាម ​​CNS លោកបានធ្វើសេចក្តីថ្លែងការណ៍មួយថា «បាញ់ប្រហារ បានផ្លាស់ប្តូរជីវិតរបស់លោកជារៀងរហូត»៕