(កំពង់ស្ពឺ)៖ ឈរលើស្មារតីដឹងគុណ នៃជនពិការនៃខេត្តកំពង់ស្ពឺ និងដើម្បីលើកទឹកចិត្តឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ជនពិការ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្ត បាននាំយកម៉ូតូឌ្រីមសង់១គ្រឿង ទៅប្រគល់ជូនកីឡាការិនី វ៉ឹត ចន្ថា រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលទើទទួលបានមេដាយចំនួន៣គ្រឿង ផ្នែកកីឡាអត្តពលកម្មជាតិលើកទី១ជនពិការ ដែលទើបតែនឹងបញ្ចប់ទៅកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

លោក វ៉ី សំណាង បានថ្លែងថា ក្រុមការងារបានយកម៉ូតូ១គ្រឿងមកប្រគល់ជូនកីឡាការិនី វ៉ឹត ចន្ថា អាយុ៣៩ឆ្នាំ រស់នៅភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកឧដុង្គ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ដែលជម្នះបានគ្រប់ឧបសគ្គ រហូតទទួលបានមេដាយចំនួន៣គ្រឿង (មាស ប្រាក់ និងសំរឹទ្ធ)។

បើតាមលោកអភិបាលខេត្ត កីឡាការិនីរូបនេះ ក៏មានស្វាមីជាកីឡាករជនពិការដែរ ប៉ុន្តែពួកគាត់មិនបានអស់សង្ឃឹមក្នុងការរស់នៅនោះឡើយ ហើយធ្លាប់បានចេញទៅប្រកួតលើឆាកអន្តរជាតិ នឹងទទួលបានមេដាយជូនជាតិមាតុភូមិរបស់យើងថែមទៀតផង៕