(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានទទួលការឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២,០០០កេស ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) សម្រាប់រៀបចំទិវាចូលឆ្នាំសកល ឆ្នាំ២០២២ ឆ្លងចូល២០២៣ឆាប់ៗខាងមុខ។
ពិធីប្រគល់ទទួលស្រាបៀរខាងលើ ត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត និងតំណាងក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) មួយចំនួនទៀត។
លោក ខូយ រីដា បានថ្លែងថា នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលបានឧបត្ថម្ភ ស្រាបៀគ្រុឌ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់។ លោកអភិបាលខេត្ត និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល សូមជូនពរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី និងលោកជំទាវ ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា។
សូមជម្រាបជូនថា ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី(Vattanac Brewery) មិនត្រឹមតែបានឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២,០០០កេស ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានឧបត្ថម្ភបន្ថែមដល់អង្គភាព បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយក្នុងមួយអង្គភាព ស្រាបៀរគ្រុឌ ចំនួន៥០០កេសផងដែរ៕