(កូរ៉េ)៖ ផលិតកម្មខ្នាតយក្សរបស់កូរ៉េខាងត្បូង Big Hit Music បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ទាក់ទងនឹងការចូលបម្រើកាតព្វកិច្ចយោធារបស់ Jin សមាជិក BTS ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែធ្នូខាងមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP នៅថ្ងៃទី០៦ ខែធ្នូ​ ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា Jin នឹងចូលបំពេញកាតព្វកិច្ចយោធាឆាប់ៗ ខណៈខាងក្រុមហ៊ុននឹងមិនរៀបចំពិធីផ្លូវការណាមួយឡើយ នៅថ្ងៃដែលលោកត្រូវបានជ្រើសតាំងនោះ បើនិយាយទៅពិធីចូលរួមជាពេលវេលា ដែលមានតែវត្តមានមន្ត្រីយោធា និងក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះ។

Big Hit បានសង្កត់ធ្ងន់ថា ដើម្បីការពារបញ្ហាដែលអាចកើតឡើងពីការប្រមូលផ្តុំគ្នា ខាងក្រុមហ៊ុនស្នើសុំឲ្យអ្នកគាំទ្រទាំងអស់ មេត្តាកុំចូលទៅកាន់ទីតាំងដែល Jin ត្រូវបានជ្រើសតាំងឲ្យចូលយោធា។ ជំនួសមកវិញ ដោយសុំឲ្យអ្នកគាំទ្រផ្ដល់ជាពាក្យជូនពរដ៏កក់ក្តៅនៃការគាំទ្រ និងការលាគ្នាពីនៅក្នុងបេះដូងគឺបានហើយ។

បើគេនៅចាំមិនភ្លេច កាលពីចុងខែវិច្ឆិកាមានសេចក្ដីរាយការណ៍មកថា Jin នឹងចូលទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលជ្រើសរើសទ័ព នៅថ្ងៃទី១៣ ខែធ្នូ ដើម្បីទទួលការចាត់តាំងផ្លូវការ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលជាមូលដ្ឋាន។ ដោយឡែកទាក់ទងនឹងរបាយការណ៍នេះ BIGHIT MUSIC មិនទាន់បានបង្ហាញច្បាស់លាស់នៅឡើយ ពោលគឺបានត្រឹមលើកឡើងថា ពិបាកក្នុងការបញ្ជាក់៕