(បរទេស)៖ ទីផ្សារប្រទេសឥណ្ឌាគឺជាជម្រកដ៏ធំ របស់ Apple បន្ទាប់ពីប្រទេសចិន ហើយពេលថ្មីៗនេះទទួលដំណឹងថា Apple កំពុងតែពិចារណាលើការនាំយកផលិតផលថ្មីមួយទៀតទៅកាន់ប្រទេសនេះ ។ ពោលគឺ Apple គ្រោងនាំយកផលិតផល iPad របស់ខ្លួនមួយចំនួនចេញពីប្រទេសចិនទៅផលិតនៅទីផ្សារប្រទេសឥណ្ឌាជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាក់ស្តែង Apple មានបំណងផ្លាស់ប្តូរការផលិតមួយចំនួនទៅកាន់ប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ២០១៧ មកម្លេះ។ តែយ៉ាងណាបន្ទាប់កើតមានពីភាពតានតឹងរវាងប្រទេសចិន ក៏ដូចជាជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសនេះ Apple បានចាប់ផ្តើមបង្វែរផលិតផលរបស់ខ្លួនម្តងបន្តិចៗ ចាប់តាំងពីត្រកូល iPhone SE រហូតដល់ការចេញលក់ iPhone 14 ជំនាន់ថ្មី ហើយនេះក៏ជាម៉ូដែលលើកដំបូងរបស់ Apple ផងដែរ ដែលបានប្រើប្រទេសឥណ្ឌាសម្រាប់ការផលិត iPhone ស៊េរីទំនើបរបស់ខ្លួន។

យ៉ាងណាមិញជុំវិញការលើកឡើងទាក់ទិននឹងការផ្លាស់ទីការផលិត iPad មួយចំនួនទៅកាន់ប្រទេសឥណ្ឌា ប្រភពពី CNBC បានឱ្យដឹងថា ទាំង Apple និងមន្ត្រីឥណ្ឌាកំពុងស្ថិតនៅក្នុងការពិភាក្សានៅឡើយ និងមិនទាន់មាន «ផែនការច្បាស់លាស់» ក្នុងការសម្រេចនាំយក iPad ទៅកាន់ប្រទេសឥណ្ឌាភ្លាមៗនោះទេ។ ប្រភពដដែលបានបន្ថែមទៀតថា ទាំងនេះក៏ដោយសារតែប្រទេសឥណ្ឌាខ្វះ «អ្នកជំនាញក្នុងការផលិត ក៏ដូចជាបុគ្គលដែលមានទេពកោសល្យ និងជំនាញខ្ពស់ក្នុងការបង្កើតឧបករណ៍ដែលមានភាពស្មុគ្រស្មាញខ្លាំង» ហើយកត្តាទាំងនេះអាចនឹងពន្យឺតដល់ការផលិតរបស់ Apple។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនផ្គត់ផ្គង់ការផលិតរបស់ Apple គឺ Foxconn ក៏កំពុងតែបោះទុនវិនិយោគនៅក្នុងប្រទេសឥណ្ឌាផងដែរ ជាមួយគ្នានេះ Apple ត្រូវបានគេបង្ហើបឱ្យដឹងទំនងជាអាចបង្កើនការផលិត iPhones របស់ខ្លួនប្រមាណ ២៥ភាគរយបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌាគិតត្រឹមឆ្នាំ២០២៥ ខាងមុខ៕