(ដូហា)៖ លោក Paulo Bento គ្រូជម្រើសជាតិកូរ៉េខាងត្បូង បានអះអាងថា លោកនឹងចាកចេញពីតំណែង ក្រោយដឹកនាំក្រុមបរាជ័យត្រឹមវគ្គ ១៦ក្រុមក្នុងព្រឹត្តិការណ៍ World Cup 2022 នៅក្រុងដូហា ប្រទេសកាតា។ ក្រុមរបស់លោក Bento ត្រូវបានប្រេស៉ីលវាយបំបាក់ក្នុងលទ្ធផល ៤ទល់នឹង១។ 

តាមការផ្សាយដោយ BBC នៅថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បាននិយាយថា «ខ្ញុំបានប្រកាសទៅកាន់កីឡាករ និងប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង ហើយនេះក៏ជាការសម្រេចចិត្តរបស់ខ្ញុំរួចហើយដែរតាំងពីខែកញ្ញា។ ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ម្តងទៀត ហើយខ្ញុំសូមថ្លែងអំណរគុណពួកគេនូវអ្វីដែលបានផ្តល់ឲ្យខ្ញុំ»។

លោកបន្តថា កីឡាកររបស់កូរ៉េខាងត្បូងបានផ្តល់ឲ្យគាត់នូវអ្វីដែលល្អបំផុត ហើយលោករីករាយ និងមានមោទនភាពដែលបានក្លាយជាគ្រូដឹកនាំពួកគេ។

សូមជម្រាបថា លោក Bento បានដឹកនាំក្រុមកូរ៉េខាងត្បូង ដោយយកឈ្នះប្រទេសកំណើតលោកគឺព័រទុយហ្គាល់ ក្នុងលទ្ធផល ២ទល់នឹង១ និងបានបញ្ចប់ក្នុងពូល H ទៅកាន់វគ្គ ១៦ក្រុម ក្នុងចំណាត់ថ្នាក់លេខ២។

លោកត្រូវបានចូលកាន់តំណែងជាគ្រូដឹកនាំជម្រើសជាតិកូរ៉េខាងត្បូង នៅខែសីហា ឆ្នាំ២០១៨។ បើតាមការផ្សាយដោយ Marca គឺលោកទទួលបានប្រាក់ ១.៣លានអឺរ៉ូ សម្រាប់ដឹកនាំកូរ៉េខាងត្បូង ក្នុងព្រឹត្តការណ៍ World Cup 2022។

លោក Bento ជាគ្រូបង្វឹកដំបូងគេដែលបានឈប់នៅ World Cup លើកទី២២ នេះ ក្នុងចំណោម ២២ក្រុមដែលបានហាលអាវត្រឡប់ទៅផ្ទះវិញ៕