(ភ្នំពេញ)៖ អ្នកនិពន្ធរឿងប្រលោមលោក បានអះអាងថា បើទោះជាការនិពន្ធរឿង និងសៀវភៅប្រលោមលោក មិនទទួលបានទទួលបានប្រាក់ចំណេញច្រើន ក៏ប៉ុន្តែពួកគាត់នៅតែប្តេជ្ញាបន្តសកម្មភាព ដើម្បីបំផុសស្មារតីអានសៀវភៅ​ ក្នុងស្រទាប់យុវជនកម្ពុជា។

លោកស្រី ម៉ីសន សុធារី ដែលជាអ្នកនិពន្ធសៀវភៅ រឿងប្រលោមលោក «ស្រទន់មន្តស្នេហ៍» បានបោះផ្សាយចេញសៀវភៅជាលើកដំបូង ក្រោយពីអ្នកស្រីបាននិពន្ធសៀវភៅនេះរួចតាំងពី៨ឆ្នាំមុន។ លោកស្រីបានអះអាងថាការបោះផ្សាយសៀវភៅនេះ គឺដើម្បីជាសកម្មភាពសង្គមសុទ្ធសាធ។

អ្នកនិពន្ធរូបនេះ បានបញ្ជាក់ថា៖ «បើគិតរឿងលុយ រឿងស្រទន់មន្តស្នេហ៍ ខ្ញុំធ្លាប់បានលុយរួចហើយ លើកនេះបើខ្ញុំគិតថ្លៃកម្មសិទ្ធិបញ្ញាជាសំខាន់ គឺគ្មានអ្នកណាអាចទិញសិទ្ធិរឿងនេះយកបោះពុម្ពបានដែរ ព្រោះវាថ្លៃ ហើយលើកនេះទុកថាសកម្មភាពសង្គម គឺយកថ្លៃមាតិកាតិចមែនទែន!»។

បើតាមលោកស្រី ទីវ ចាន់ដេត ​នាយិការរោងពុម្ពល្បី IPMl ដែលជាដៃគូនៅក្នុងការធ្វើគម្រោងសៀវភៅ limited Edition ស្រទន់មន្តស្នេហ៍ ​បានលើកឡើងថា នេះគឺជាសកម្មភាពបោះផ្សាយនូវស្នាដៃដ៏មានប្រជាប្រិយភាពមួយ ឱ្យចេញជារូបរាងក្រោយពីអ្នកគាំទ្រ បានទន្ទឹងរង់ចាំរយៈពេលប្រមាណជាប្រាំបីឆ្នាំមកហើយ។

លោកស្រីបានបន្តថា៖ «ការបោះពុម្ពលើកនេះ មើលមិនឃើញប្រាក់ចំណេញនោះទេ។ ប៉ុន្តែអ្នកស្រីនៅតែមានមនោសញ្ចេតនានៅក្នុងការធ្វើឱ្យគម្រោងការនេះលេចរូបរាងឡើងបម្រើទៅដល់ពាក្យថា អានសៀវភៅអានប៉ះមាតិកាដែលល្អហើយមានការផ្លាស់ប្តូរផ្នត់គំនិតដែលគិតថា ប្រលោមលោកជាសៀវភៅឥតប្រយោជន៍! មួយវិញទៀតខ្ញុំត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយអ្នកនិពន្ធដ៏ល្បីរបស់យើងនៅលើកក្រោយៗទៀត ដោយសោមនស្សរីករាយបំផុត!»។

«ស្រទន់មន្តស្នេហ៍» បានសរសេរតាក់តែងស្រេចបាច់កាលពីឆ្នាំ២០១៥ បានទទួលការពេញនិយមរីកសាយភាយយ៉ាងរហ័ស នៅក្នុងឆ្នាំដដែល ក្រោយមានអ្នកអានអនឡាញ លើប្រលោមលោក Sabay រាប់លាន Views។ មិត្តអ្នកអានភាគច្រើនបានទទួលស្គាល់ថា ស្រទន់មន្តស្នេហ៍ គឺជាប្រលោមលោកដែលពោរពេញទៅដោយគំនិតស៊ីជម្រៅ ច្នៃប្រឌិតខ្ពស់ និងពេញដោយការអប់រំ ដោយការបើកបង្ហាញអំពីអាថ៌កំបាំងជាច្រើននៅក្នុងឆាកសិល្បៈ ក្រោយឆាកសិល្បៈ ក៏ដូចជានៅក្នុងឧស្សាហកម្មកម្សាន្តទាំងមូល។ ប្រលោមលោកមួយនេះ ថែមទាំងត្រូវបានបំពាក់នូវគុណតម្លៃសម្រាប់មនុស្សដែលមានភាពស្មោះត្រង់ដូចជាតួអង្គ ស្រទន់នៅក្នុងរឿង និងមនុស្សដែលឱ្យតម្លៃទៅលើភាពស្មោះត្រង់ដូចជាតួអង្គលោក ដេតភូមិន្ទ ដែលជានាយកពាណិជ្ជកម្មរបស់ក្រុមឌីអឹម ជាក្រុមហ៊ុនបង្ហាញម៉ូតដ៏ធំមួយ។

​សៀវភៅប្រលោមលោក ស្រទន់មន្តស្នេហ៍ បានចេញជារូបរាងឡើង ដោយអ្នកស្រី ទីវ ចាន់ដេត និងអ្នកនិពន្ធ ម៉ីសន សុធារី បានព្រមព្រៀងគ្នាថាលក់ចេញក្នុងតម្លៃ ៥ម៉ឺនរៀល សម្រាប់ប្រលោមលោកជាង ៥០០០ទំព័រនេះ។ ប៉ុន្តែ ដើម្បីចូលរួមពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នៅថ្ងៃសុក្រនេះនឹងលក់ជូនក្នុងតម្លៃ ត្រឹម១០ដុល្លារ សម្រាប់អ្នកចូលរួមពិព័រណ៌សៀវភៅ ឯសម្រាប់អ្នកកក់មុនពីពេលនេះទៅត្រឹមតែ ៨ដុល្លារ ឬ៣,២០០រៀល តែប៉ុណ្ណោះ​៕