(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ២៣៦លានរៀល ដល់ជយលាភីក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី កីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក លើកទី៧ (Aerobic Gymnastics Asian Championship 2022) នៅប៉ាតាយ៉ា ប្រទេសថៃកាលពីថ្មីៗ។

ពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ CAMSOC ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

យោងតាមរបាយការណ៍លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ជើងឯកអាស៊ីកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក លើកទី៧ បានធ្វើការប្រកួតពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅថៃ ដោយសហព័ន្ធបានបញ្ចូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ១៨នាក់ចូលរួម ក្រោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។

ជាលទ្ធផលអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយលើ ៣ វិញ្ញាសា រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ១។ មេដាយប្រាក់ទី១ ដណ្ដើមបានលើវិញ្ញាសាគូ មានកីឡាករ ស្រ៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត ស្មើនឹង ២គ្រឿង និងមេដាយប្រាក់ទី២ លើវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម ៥នាក់ មានកីឡាការិនី ឌឹម អ៊នធីតា, សួស ស្រីពៅ, ឈួន សុវណ្ណបញ្ញា, ស៊ីវ ចន្ថា និងកីឡាការិនី ណេម សុខហេង ស្មើនឹង ៥គ្រឿង។ រីឯមេដាយសំរឹទ្ធ ១ ដណ្ដើមបានលើវិញ្ញាសាទ្រីយ៉ូជាក្រុម(សម្ដែង ៣នាក់) មានកីឡាករ ស្រ៊ាន វួចទ្រី, កីឡាការិនី ច្រឹង ចាន់ត្រា និងកីឡាការិនី ឈួន ស្រីនាត ស្មើនឹង ៣គ្រឿង។

តាមគោលការណ៍សម្រាប់ការប្រកួតក្របខណ្ឌជើងឯកអាស៊ីនេះ រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ប្រាក់រង្វាន់លើទឹកចិត្ត ដល់ម្ចាស់មេដាយប្រាក់ក្នុង ១គ្រឿង ចំនួន ២០លានរៀល ខណៈមេដាយសំរឹទ្ធក្នុង ១គ្រឿង ចំនួន ១៦លានរៀល។ ចំណែកគ្រូបង្វឹក ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០០% ស្មើនឹងមេដាយខ្ពស់បំផុតរបស់កីឡាករ-កីឡាការិនី និងគ្រូជំនួយ ក៏ទទួលបាន ៧០% នៃមេដាយរបស់កីឡាករ-កីឡាការិនីផងដែរ។ ដូច្នេះប្រាក់រង្វាន់ ដែលរាជរដ្ឋាភិបាល់ជូនជ័យលាភីជើងឯកអាស៊ីកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក លើកទី៧ ខាងលើ មានចំនួនសរុប ២៣៦លានរៀល។

ឆ្លៀតឱកាសនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង NOCC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងគិតគូរ និងយកចិត្តទុកដាក់វិស័យកីឡាគ្រប់សហព័ន្ធកីឡាជាតិ ដែលជាការផ្ដល់នូវភាពកក់ក្ដៅ និងការជំរុញលើកទឹកចិត្តដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនី ខិតខំប្រឹងប្រែង និងធ្វើការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិពីព្រឹត្តិការណ៍អន្ដរជាតិនានា។

ក្នុងនាមអាជ្ញាធរកីឡា លោកបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ បន្ដការខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ពិសេសកីឡាកាយសម្ព័ន្ធ ដែលកំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ដើម្បីធានាបាននូវគុណផលកម្រិតខ្ពស់ ឆ្ពោះទៅរកមេដាយឲ្យកាន់តែល្អប្រសើរជាងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ពោលគឺការស្វែងមេដាយមាសយ៉ាងតិច ១គ្រឿង ស្របតាមសន្ទស្សន៍មេដាយ ដែលគណៈកម្មាធិការជាតិ CAMSOC បានដាក់ចេញ នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

ដោយឡែកលោក ណយ ផាណា បានបង្ហាញពីគុណតម្លៃដ៏ខ្ពង់ខ្ពស់ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោនាយករដ្ឋមន្ដ្រី។ ការទទួលបាននូវប្រាក់រង្វាន់នេះ គឺជាកត្ដាជំរុញ និងលើកទឹកចិត្តដ៏សំខាន់ ទាំងគ្រូ និងកីឡាករ-កីឡាការិនី ហើយក៏ជាការរួមចំណែកជួយសម្រួលដល់ជីវភាពគ្រួសារ និងការសិក្សារបស់ពួកគេ។ មួយទៀត ប្រាក់រង្វាន់នេះ ក៏អាចក្លាយជាដើមទុនសម្រាប់ពួកគេទាថ្ងៃអនាគត ក្នុងការបើករបររកស៊ីផ្សេងៗ ប្រសិនបើពួកគេចេះគ្រប់គ្រង និងប្រើប្រាស់ថវិកាបានត្រឹមត្រូវទៀតផង៕