(ដូហា)៖ ក្នុងចំណោមកីឡដ្ឋាន ដែលជាទីតាំងសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ World Cup 2022 នៅទីក្រុងដូហា ប្រទេសកាតា គឺមានកីឡដ្ឋានមួយឈ្មោះថា Stadium 974 ឬហៅជាខេមរភាសា «កីឡដ្ឋាន ៩៧៤»។ កីឡដ្ឋានដែលត្រូវសាងសង់ឡើងនៅតំបន់ Ras Abu Aboud បើកឲ្យមានការប្រកួតដំបូងកាលពីឆ្នាំ២០២១ សម្រាប់ព្រឹត្តិការណ៍ 2021 FIFA Arab Cup។

ប៉ុន្តែក្រោយការប្រកួតវគ្គ ១៦ក្រុម រវាងប្រេស៉ីល និងកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ World Cup 2022 នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ គឺជាថ្ងៃចុងក្រោយនៃវត្តមានកីឡដ្ឋានមួយនេះ។ មានន័យថា កីឡដ្ឋាន ៩៧៤ បានធ្វើជាទីតាំងប្រកួតបាន ១៣លើក។

កីឡដ្ឋាន ៩៧៤​ ត្រូវបានរចនាឡើងដោយវិស្វករ Fenwick Iribarren និងសាងសង់នៅលើទីតាំងមាត់ទឹកទំហំ ៤៥០,០០០ម៉ែត្រក្រឡា។ មូលហេតុដែលកាតាដាក់ឈ្មោះថា កីឡដ្ឋាន ៩៧៤ ដោយសារវាមានការរចនាម៉ូឌុល ដោយប្រើប្រាស់កុងតឺន័រកែច្នៃ ៩៧៤ទូ ក្នុងគោលដៅគោរពដល់ប្រវត្តិនៃទីតាំងឧស្សាហកម្ម និងលេខកូដហៅទូរសព្ទអន្តរជាតិ សម្រាប់ប្រទេសកាតា (+974)។

សូមជម្រាបថា កីឡដ្ឋាននេះមានសមត្ថភាពដាក់អ្នកទស្សនាបាន ៤ម៉ឺននាក់ ហើយតម្លៃនៃការសាងសង់គឺ ៧១៧លានដុល្លារ៕