(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) នៅថ្ងៃទី០៦ ខែធ្នូនេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការជំនាញនីមួយៗ ដើម្បីធានាបាននូវការត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ ពិសេសមុនពេល ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ លោក វ៉ា់ត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះ មានលទ្ធផលល្អប្រសើរ ដោយគណៈកម្មការជំនាញក្រោមឱវាទរបស់ខ្លួន បានជ្រាបច្បាស់អំពីតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីពន្លឿនផែនការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យមានដំណើរការដោយរលូន មុនពេលមកដល់ ១០០ថ្ងៃ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខ។

លោកថា កិច្ចប្រជុំបានសង្កត់ធ្ងន់លើ ២ចំណុច រួមមាន «ទី១.យកចិត្តទុកដាល់លើកិច្ចការរដ្ឋបាល និងការទទួលខុសត្រូវលើធនធានមនុស្ស ដោយត្រៀមប្រមូលផ្តុំធ្វើការ នៅមជ្ឈមណ្ឌលប្រតិបត្តិការរួម។ ទី២-ការត្រួតពិនិត្យឡើងវិញនូវកិច្ចការដែលបានធ្វើ និងអ្វីដែលមិនទាន់បានធ្វើ ហើយអ្វីដែលមិនទាន់បានបំពេញនឹងត្រូវជំរុញបំពេញបន្ថែមលើកិច្ចការទាំងនោះឲ្យបានទាន់ពេលវេលា និងឲ្យបានរួចរាល់ មុនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលជាការរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «ក្នុងរយៈពេលសល់នេះ យើងត្រូវតែសក្តានុពលអំពីការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងបណ្តាប្រទេសនានានៃអាស៊ាន ដែលត្រៀមមកចូលរួមប្រកកួតប្រជែងមេដាយ នាស៊ីហ្គេម ២០២៣។ ក្នុងអំឡុងរយៈពេលសល់១០០ថ្ងៃ CAMSOC នឹងរៀបចំផ្សព្វផ្សាយឲ្យបានខ្លាំងក្លានូវកម្មវិធីសំខាន់ៗទាំងអស់ជាមួយនឹងកម្មវិធីប្រារព្ធពិធី ១០០ថ្ងៃ បូកជាមួយនឹងកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេមនៃ១១ប្រទេសក្នុងអាស៊ាន»

អំឡុងពេលត្រៀមមុន ១០០ថ្ងៃនេះ នឹងត្រៀមការផ្សព្វផ្សាយបន្ថែម ការរៀបចំតុបតែង ការរៀបចំសន្និសុខសណ្តាប់ធ្នាប់ ពិធីការផ្សេងៗទៀត ដែលត្រូវបង្ហាញមុនហ្គេមមកដល់។ លោកថា «អ្វីជាលទ្ធផលនៃកិច្ចប្រជុំនេះ គឺយើងបានបញ្ជ្រាបនូវព័ត៌មានជាក់ច្បាស់ របៀបរបបនៃការងារផ្ទៃក្នុងជូនដល់គណៈកម្មការជំនាញទាំងអស់រួចរាល់អស់ហើយ។ ចាប់ពីពេលនេះតទៅ គឺយើងទាំងអស់គ្នាខិតខំប្រឹងប្រែងលះបង់ពេលវេលា និងសម្រួចលើផែនការងារឲ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាមួយនេះទទួលបានជោគជ័យ»