(បរទេស)៖ ប្រភពពីអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានអះអាងថា កាស AR/ VR របស់ Apple ដែលគ្រោងដាក់បង្ហាញជាលើកដំបូងនៅដើមឆ្នាំ២០២៣ នឹងមិនមានវត្តមាននោះទេ ខណៈការព្យាករណ៍ទំនងជាមកដល់ក្នុងអំឡុងត្រីមាសទី២ ឆ្នាំក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

បើយោងតាមរបាយការណ៍កន្លងមក Kuo ធ្លាប់បានឱ្យដឹងថា Apple គ្រោងនឹងដាក់បង្ហាញកាសស្តាប់ត្រចៀក AR/VR របស់ខ្លួននៅក្នុង Event មួយនៅខែមករា ហើយអាចនឹងចេញលក់ជាផ្លូវការនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ខាងមុខ។ តែយ៉ាងណាទន្ទឹមនឹងការលើកឡើងខាងលើ អ្នកវិភាគរូបនេះមិនទាន់អាចបញ្ជាក់បាននោះទេថាតើ Apple អាចនឹងពន្យាពេលការចេញលក់បន្ត ឬក៏អាចនឹងមកជាមួយនឹងការដាក់បង្ហាញក្នុងត្រីមាសទី២ ឆ្នាំក្រោយនោះ។

ដោយឡែកជុំវិញការអះអាងថា Apple គ្រោងពន្យាពេលប្រកាសបង្ហាញកាស AR/VR របស់ខ្លួននោះត្រូវបាន Kuo គូសបញ្ជាក់ថា ទាំងនេះក៏ដោយសារតែ«បញ្ហាទាក់ទងនឹងប្រព័ន្ធ Software»។ លើសពីនេះទៅទៀតលោកបានព្យាករណ៍បន្ថែមទៀតថា កាសស្តាប់ត្រចៀកដែលមានតម្លៃថ្លៃរបស់ Apple ក្នុងឆ្នាំ២០២៣នេះ ទំនងជាអាចដាក់លក់តិចជាង ៥សែនគ្រឿង ខណៈដែលការព្យាករណ៍កន្លងមក Apple មានបំណងដាក់លក់ឱ្យបានដល់ចំនួនចន្លោះពី ៨ ទៅ ១២សែនគ្រឿងឯណោះ៕