(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ហើយនាល្ងាចថ្ងៃទី០៦ ខែធ្នូ ខណៈពួកគេ នឹងត្រូវហោះទៅម៉ាឡេស៊ីនៅយប់ថ្ងៃពុធនេះ ដើម្បីធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះ នៅថ្ងៃទី០៩ ខែធ្នូ សម្រាប់ត្រៀមការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 នាពេលខាងមុខ។

ការប្រមូលផ្ដុំហ្វឹកហាត់នេះ ធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៤នាក់ រួមមានសមាជិកក្លិបភ្នំពេញក្រោន ៥រូប, វិសាខា ១០រូប, ព្រះខ័នរាជស្វាយរៀង ២រូប, បឹងកេត ៤រូប, ណាហ្គាវើលដ៏ម្នាក់ រួមជាមួយកីឡាករខ្មែរ-បារាំង កុក បូរីស លេងនៅក្លិបម៉ាឡេស៊ី Sarawak United និងកីឡាករខ្មែរ-អាមេរិក ថេឡរ នីកូឡា ឌឿង លេងនៅក្លិបអាមេរិក Orlando City ផងដែរ។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ សម្រាប់ការបើកយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់ខាងលើ គឺពុំមានវត្តមានលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជានោះទេ ពោលគឺមានត្រឹមលោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា រួមជាមួយក្រុមការងារគ្រូជំនួយប៉ុណ្ណោះ។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 វិញ ក្រុមគោព្រៃកម្ពុជា គឺស្ថិតក្នុងពូល A ជាមួយថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។ ចំពោះកម្មវិធីប្រកួត ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលហ្វីលីពីនមុនគេ នាថ្ងៃទី២០-ធ្នូ មុនជួបឥណ្ឌូនេស៊ី ក្រៅដីនាថ្ងៃទី២៣-ធ្នូ។ បន្ទាប់មក កម្ពុជានឹងត្រូវបើកទ្វារផ្ទះជាថ្មី ទទួលប៊្រុយណេ នាថ្ងៃទី២៩-ធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ៕