(ដូហា)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ពុំមានការប្រកួតសម្រាប់ថ្ងៃទី០៧-០៨ ខែធ្នូនោះទេ ដោយត្រូវរង់ចាំដល់ថ្ងៃទី០៩ ទើបចាប់ផ្តើមវគ្គ ៨ក្រុមចុងក្រោយបន្ត។

ការប្រកួតសន្សំពិន្ទុក្នុងពូល ក៏ដូចជាវគ្គ ១៦ក្រុមចុងក្រោយ ត្រូវបានបិទបញ្ចប់នាយប់មិញនេះ ក្រោយដំណើរការអស់ ១៨ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសកាតាតែមួយគត់។

ការប្រកួតសន្សំពិន្ទុតាមពូល ដែលមាន ៤៨ប្រកួត និងវគ្គ ១៦ក្រុមមាន ៨ប្រកួតទៀតនោះ គឺព្រឹត្តិការណ៍មាន ៤ឆ្នាំម្តងនេះ នៅសល់តែ ៨ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបិទបញ្ចប់ជាស្ថាពរនាថ្ងៃទី១៨ ខែធ្នូខាងមុខ ក្នុងចំណោម ៣២ប្រទេស (ក្រុម) ចូលរួម។

ការប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ដោយមានប្រេស៊ីល ប៉ះក្រូអាត ចាប់ផ្តើមប្រកួតមុនគេ មុនពេលហូឡង់ ប៉ះអាហ្សង់ទីន ម៉ារ៉ុក ជួបព័រទុយហ្គាល់ និងបារាំង ប៉ះអង់គ្លេស ចាប់ផ្តើមបន្តបន្ទាប់៕