(ភ្នំពេញ)៖ ត្រឹមចុងខែវិច្ឆិកា ក្រុមហ៊ុន foodpanda បានរៀបចំកម្មវិធីចុះសំណេះសំណាលជាមួយដៃគូដឹកជញ្ជូននៅតាមបណ្ដាខេត្តធំៗដល់ទៅ ៣ ដូចជាខេត្តសៀមរាប បាត់ដំបង និង ព្រះសីហនុ។ មិនតែជាការសំណេះសំណាលធម្មតានោះទេ តែ បុគ្គលិកតំណាងឲ្យ foodpanda ក៏បានសួរសុខទុក្ខ និងយកចិត្តដាក់ដល់ដៃគូដឹកជញ្ជូនរបស់ខ្លួន ដោយមានជារង្វាន់ដល់ដៃគូដឹកជញ្ជូនឆ្នើមថែមទៀតផង។

នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុន foodpanda ចាប់ផ្ដើមដំណើរសំណេះសំណាលរបស់ខ្លួនដំបូងនៅខេត្ត សៀមរាប និងមានការចែករង្វាន់ជូនដៃគូដឹកជញ្ជូនឆ្នើមដែលតែងតែយកចិត្តទុកដាក់ ស្មោះត្រង់ និងស្វាហាប់ក្នុងការផ្ដល់សេវាកម្មបានយ៉ាងល្អទៅកាន់អតិថិជន។ ស្របពេលសកម្មភាពសួរសុខទុក្ខនោះដែរ ក្រុមការងារ foodpanda ក៏បានបង្កើតកម្មវិធីមួយមានឈ្មោះថា «ប៉ាជាវីរ:បុរសរបស់កូន» ក្នុងគោលបំណងឲ្យប្អូនៗក្មួយៗអាចសម្តែងការដឹងគុណដល់ឪពុកជាអ្នកដឹកជញ្ជូនដែលខំប្រឹងដើម្បីក្រុមគ្រួសារ។

ថ្ងៃបន្ទាប់ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុម foodpanda បានបន្ដដំណើរសំណេះសំណាលដល់ខេត្តបាត់ដំបង និងមានជាការចែករង្វាន់ជូនដៃគូដឹកជញ្ជូនឆ្នើមផងដែរ។ តែអ្វីដែលពិសេសសម្រាប់ការចុះទៅលើកនេះ គឺក្រុមហ៊ុន foodpanda បានរៀបចំកម្មវិធីមួយផ្សេងទៀត ដែលជាកម្មវិធីចែករំលែកក្តីស្រឡាញ់ទៅដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា «ពុកឆ្មា» ស្រុកអន្លង់វិល ក្រុងបាត់ដំបង។ ក្រុមការងារបាននាំយកនូវសម្ភារៈសិក្សាមួយចំនួនសំរាប់ប្អូនៗដែលជាសិស្សានុសិស្ស និងប្អូនៗសិស្សពូកែ ក៏ដូចជាសម្ភារៈចាំបាច់មួយចំនួនផ្សេងទៀតជូនដល់លោកគ្រូអ្នកគ្រូក្នុងសាលា «ពុកឆ្មា»

បន្ថែមពីលើនេះ ក្រុមហ៊ុន​ foodpanda ក៏មានជាការផ្ដល់ជូនសៀវភៅមួយចំនួនធំសំរាប់បណ្ណាល័យ ពាក្យស្លោក និងផ្ទាំងរូបភាពបិទជញ្ជាំងសម្រាប់ថ្នាក់រៀន ថែមទាំងម៉ាស ជែល និងអាល់កុលលាងដៃ សម្រាប់ការពារមេរោគកូវីដផងដែរ។ ក្រៅពីការផ្ដល់ជូនដ៏ច្រើន បុគ្គលិកតំណាង foodpanda ទាំងអស់ បានចូលរួមសកម្មភាពដាំកូនឈើក្នុងបរិវេណសាលារៀន ដើម្បីជាម្លប់ដល់សិស្សានុសិស្សនាថ្ងៃអនាគតទៀតផង។

រំលងតែប៉ុន្មានថ្ងៃ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន foodpanda បានទៅដល់ខេត្តព្រះសីហនុ ដើម្បីចែករង្វាន់ជូនដៃដឹកឆ្នើមដែលបានផ្តល់សេវាកម្មល្អជូនអតិថិជនប្រចាំខេត្តព្រះសីហនុ។ ក្រៅពីនោះ ក្រុមការងារក៏បានបង្កើតនូវកម្មវិធីសប្បុរសធម៌នាសាលាបឋមសិក្សា «អូត្រេះចាស់» ផងដែរ ដែលក្នុងនោះក្រុមការងារបាន បាននាំយកឈុតសិក្សា ៤០០ ឈុត ម៉ាស អាល់កុល ជែលលាងដៃ ពាក្យស្លោកសិក្សា ផ្ទាំងរូប និងនាំយកកាដូជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងពេលនោះផងដែរ។ ការសំណេះសំណាល និងចែករង្វាន់មិនទាន់គ្រប់គ្រាន់ឡើយ ក្រុមហ៊ុន foodpanda បានចូលរួមកម្មវិធីសំអាតមាត់ឆ្នេរមួយទៀត ដើម្បីចូលរួមលើកសោភ័ណភាពទីក្រុងព្រះសីហនុរបស់យើងឲ្យកាន់តែស្អាត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់ foodpanda (KH) តាមរយៈតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬ ទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/