(បរទេស)៖ បន្ទាប់ពីព្យាយាមបង្វែរសង្វាក់ផលិតកម្មមួយចំនួនចេញពីប្រទេសចិន ពេលនេះនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់ជាសាធារណៈហើយថា Apple នឹងប្តូរមកប្រើបន្ទះឈីបដែលផលិតនៅក្នុងស្រុកជំនួសវិញ។ ពោលគឺ Apple នឹងចាប់ផ្តើមទទួលការផ្គត់ផ្គង់ពីរោងចក្រផលិតឈីបដ៏ធំមួយដែលមានទីតាំងនៅរដ្ឋ Arizona និងជារោងចក្រដែល TSMC កំពុងសាងសង់ដែលមានតម្លៃខ្ពស់បំផុតដល់ខ្ទង់ ៤០ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

ច្បាស់ណាស់មិនយូរនោះទេក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនេះនឹងកាន់តែចេញឆ្ងាយពីទីផ្សារប្រទេសចិន បន្ទាប់ពីភាពតានតឹងរវាងប្រទេសទាំងពីរកំពុងតែតឹងសសៃករដាក់គ្នា។ ជាក់ស្តែងរោងចក្រផ្គត់ផ្គង់ការផលិតធំៗរបស់ Apple រួមមាន Foxconn និង TSMC ដែលមានទីតាំងនៅតៃវ៉ាន់ បច្ចុប្បន្ននេះក៏កំពុងតែបង្វែទិសដៅខ្សែសង្វាក់ផលិតកម្មបស់ខ្លួនមួយចំនួនទៅកាន់ប្រទេសឥណ្ឌា និង វៀតណាមផងដែរ។

យ៉ាងណាមិញសម្រាប់រោងចក្រដែល TSMC កំពុងតែសាងសង់នៅរដ្ឋ Arizona សហរដ្ឋអាមេរិកនេះ នឹងធ្វើការផលិតទៅលើដំណើរការបន្ទះឈីប 4nm ក៏ដូចជា 3nm ជំនាន់ក្រោយ ខណៈដែលរោងចក្រនេះត្រូវបានគេបង្ហើបឱ្យដឹងថាទំនងជាបញ្ចប់ការសាងសង់ FAB ទី១ ក្នុងអំឡុងឆ្នាំ២០២៤ និង FAB ទី២ យ៉ាងយូរនឹងរួចរាល់នៅឆ្នាំ២០២៦ ខាងមុខ។ ដូច្នេះចាប់ពីឆ្នាំ២០២៤ តទៅ Apple នឹងអាចផ្តាច់ខ្លួនចេញពីទីផ្សារប្រទេសចិនបានខ្ទង់មួយភាគធំហើយ៕