(អាមេរិក)៖ តារាសម្ដែងវ័យក្មេង កំពុងមានប្រជាប្រិយភាពខ្លាំង កញ្ញា Jenna Ortega ដែលជាតួឯកនៃរឿងភាគកំប្លែង-ភ័យរន្ធត់របស់ Netflix «Wednesday» បានបង្ហាញថា នាងកំពុងវិជ្ជមានជំងឺ Covid-19 នៅពេលថតឈុតរាំក្នុងរឿងនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងប្រាប់គេហទំព័រកំសាន្ត Portal NME តារាសម្តែងវ័យ២០ឆ្នាំរូបនេះ បាននិយាយថា នាងមិនមែនជាអ្នកជំនាញផ្នែករាំនោះទេ។ នាងទទួលបានបទចម្រៀងដែលនាងត្រូវរាំនោះ ប្រហែលមួយសប្តាហ៍មុន ហើយក៏ប្រើក្បាច់រាំទៅតាមអ្វីដែលនាងអាចធ្វើបាន ព្រោះកាលដែលថតឈុតរាំនោះ គឺជាថ្ងៃដំបូង ដែលនាងមានវិជ្ជមានកូវីដ-១៩ ដូច្នេះវាពិតជាអាក្រក់ក្នុងការថតរឿង។ តែយ៉ាងណា នាង​មិន​បាន​ដឹង​ខ្លួននោះទេថា​ ខ្លួនមាន Covid-19 នៅ​ពេល​ថតឈុតរាំនោះ។

យោងតាម ​​MGM ដែលជាក្រុមហ៊ុនផលិតនៅពីក្រោយរឿងកំពុងល្បី «Wednesday» បានឲ្យដឹងថា វិធានការរឹតបន្តឹងកូវីដ-១៩ ត្រូវបានដាក់ចេញ ហើយនៅពេលការធ្វើតេស្តរកឃើញវិជ្ជមាន ត្រូវបានបញ្ជាក់ ផលិតកម្មបានសម្រេចដក jenna ចេញពីឈុតមួយចំនួន៕