(បរទេស)៖ ក្រោយចេញការព្រមានជាបន្តបន្ទាប់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់ Facebook ជុំវិញការរំលោភទិន្នន័យអ្នកប្រើប្រាស់ ពេលនេះសហភាពអឺរ៉ុបមិនអនុញ្ញាតឱ្យ Meta ដំណើរការការផ្សាយពាណិជ្ជកម្មដោយប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

ជុំវិញបញ្ហានេះនិយតករអៀរឡង់ត្រូវបានអ្នកឃ្លាំមើលឯកជនភាព និងក្រុមប្រឹក្សាការពារទិន្នន័យអឺរ៉ុបផ្តល់រយៈពេលមួយខែក្នុងការសម្រេចចិត្តទាក់ទិននឹងការរំលោភបំពានទិន្នន័យ ក៏ដូចជាការតាមដានភាពឯកជនរបស់អ្នកប្រើប្រាស់ម្តងហើយម្តងទៀត។ ពេលនេះនិយតករអៀឡង់បានចេញសេចក្តីសម្រេចហើយ ដោយ Meta នឹងមិនអាចដំណើរការការផ្សាយពាណិជ្ជកម្មដោយផ្អែកលើការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនបាននោះទេ។ ពោលគឺ លុះត្រាតែមានការយល់ព្រមពីអ្នកប្រើប្រាស់ទើប Meta អាចបើកដំណើរការផ្សព្វផ្សាយពាណិជ្ជកម្មនៅសហភាពអឺរ៉ុបបាន។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងចុងខែវិច្ឆិកាកន្លងទៅនេះ Meta ទើបតែទទួលរងការផាកពិន័យប្រមាណខ្ទង់ ២៧៥លានដុល្លារនៅក្នុងប្រទេសអៀឡង់ ក្រោមការស៊ើបអង្កេតរបស់ DPC ចាប់តាំងពីឆ្នាំ២០២១ មកម្លេះ បន្ទាប់ពីមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានរកឃើញថាមានសំណុំក្លែងបន្លំទិន្នន័យដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើអ៊ីនធឺណិត៕