(ភ្នំពេញ)៖ កីឡាជឺជីតស៊ូកម្ពុជា បានឈ្នះមេដាយសរុប ១៦គ្រឿង រួមមានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥ ពីការប្រកួតកីឡាជឺជីតស៊ូអន្ដរជាតិ SIAM CUP Winter Edition 2022 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ ។

តាមការបញ្ជាក់របស់លោក Jasper Pass គ្រូបង្វឹកកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ មានអត្តពលិកចូលរួមសរុប ៧៥០នាក់ មកពី ៤៩ប្រទេសលើពិភពលោក ក្នុងនោះក៏មានក្រុមកីឡាករ-កីឡាការិនីកម្ពុជាចូលរួមផងដែរ ។

ជាលទ្ធផលក្រុមកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ដណ្ដើមបានមេដាយសរុប ១៦គ្រឿង រួមមានមេដាយមាស ៦គ្រឿង, មេដាយប្រាក់ ៥គ្រឿង, និងមេដាយសំរឹទ្ធ ៥គ្រឿង។ សមិទ្ធផលនេះ ត្រូវបានក្រុមការងារគ្រូ ក៏ដូចជាសហព័ន្ធធ្វើការវាយតម្លៃខ្ពស់ សម្រាប់ធនធានបន្ដវេន នៃវិស័យកីឡាជឺជីតស៊ូកម្ពុជា ចំពោះការសម្រេចបានសមិទ្ធផលដ៏ល្អប្រសើរក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ៕