(ដូហា)៖ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo បានចេញមុខមកទាត់ចោលពាក្យចចាមអារ៉ាមថា គាត់នឹងទៅលេងឲ្យក្លិបអារ៉ាប៊ីសាអូឌីត Al Nassr ក្រោយយុទ្ធនាការ World Cup 2022 នៅកាតា។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២។

«ទេ! មិនពិតទេ»។ នេះជាពាក្យបដិសេធ ដែលកីឡាករវ័យ ៣៧ឆ្នាំលើកឡើង ក្រោយបញ្ចប់ការប្រកួតដែលព័រទុយហ្កាល់ឈ្នះស្វីសក្នុងលទ្ធផល ៦-១ នៃវគ្គ ១៦ក្រុម។

មានសេចក្តីរាយការណ៍ថា Ronaldo បានភ្ជាប់ខ្លួននឹងក្លិប Al Nassr បន្ទាប់ពីតារាឆ្នើមរាងស្អាតរូបនេះ ត្រូវបានបញ្ចប់កុងត្រាដោយក្លិបបិសាចក្រហមនៅអង់គ្លេស Manchester United ក្រោយការសម្ភាសដ៏កក្រើកជាមួយលោក Piers Morgan ដោយលោកបានរិះគន់គ្រូដឹកនាំ Erik Ten Hag និងម្ចាស់ក្លិបយ៉ាងចាស់ដៃ។ ឥឡូវនេះ Ronaldo មិនមានតម្លៃខ្លួននោះទេ។

សូមជម្រាបថា បើយោងតាមសារព័ត៌មានកីឡារបស់អេស្ប៉ាញ Marca នាយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ អះអាងថា Cristiano Ronaldo នឹងចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al Nassr បន្ទាប់ពីការចាកចេញពាក់កណ្តាលរដូវកាលរបស់លោកពីក្លិប Manchester United។ តាមរបាយការណ៍បង្ហាញថា ប្រាក់ខែប្រចាំឆ្នាំរបស់លោក មានជិត២០០លានអឺរ៉ូ នឹងធ្វើឲ្យលោកក្លាយជាអត្តពលិក ដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

បន្ទាប់ពីមានភាពចម្រូងចម្រាស ប៉ុន្មានខែរហូតដល់បើករដូវកាល ២០២២-២៣, ក្លិប United បានប្រកាសនៅថ្ងៃទី២២ ខែវិច្ឆិកាថា ភាគីទាំងពីរបានព្រមព្រៀងគ្នាទាំងសងខាង ក្នុងការចែកផ្លូវគ្នា។ Ronaldo បាននិងកំពុងចូលរួមប្រកួត ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅឯព្រឹត្តិការណ៍ World Cup ចាប់តាំងពីពេលនោះមក។

ក្លិប Al Nassr កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងតារាងលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League កំពុងមាន ៣ពិន្ទុពីក្រោយក្រុមនាំមុខ Al Shabab FC ក្រោយឆ្លងកាត់ ៨ប្រកួត។ Al Nassr ធ្លាប់ដណ្តើមបានពានរង្វាន់លីគកំពូលនេះចំនួន ៣លើក គិតចាប់តាំងពីឆ្នាំ២០១៤ មក៕