(ភ្នំពេញ)៖ មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ហៅកាត់ថា ATC កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២ ម្សិលមិញនេះ បានចុះអនុស្សារណៈនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Human Managed ដើម្បីលើកស្ទួយវិស័យបច្ចេកវិទ្យា។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពី លោក លឹម តារារិទ្ធ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន AUPP Co., LTD និងលោក Saleem Javed Mohamed Ismail ស្ថាបនិកក្រុមហ៊ុន Human Managed។

ATC បង្កើតសម្ព័ន្ធភាពជាយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេទាំងក្នុងប្រទេស និងក្នុងតំបន់ ដើម្បីជំរុញនវានុវត្តន៍ថ្មីនៅកម្ពុជា។ លើសពីនេះ ATC ក៏មានជាកម្មវិធីបណ្តុះបណ្តាលផ្នែកគ្រប់គ្រងប្រតិបត្តិក្នុងភាពជាអ្នកដឹកនាំផងដែរ។ ក្រុមហ៊ុន Human Managed គឺជា Platform វិភាគទិន្នន័យ ដើម្បីជាជំនួយក្នុងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ហើយមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងមានដំណើរការនៅទូទាំងហុងកុង ហ្វីលីពីន និងឥណ្ឌា។ ក្រុមហ៊ុននេះបម្រើអតិថិជនជាសកលនៅក្នុងវិស័យសេវាកម្មសំខាន់ៗ ដើម្បីកែលម្អប្រព័ន្ធអ៉ីនធឺណិត កាត់បន្ថយហានិភ័យផ្សេងៗ និងបង្កើនភាពចាស់ទុំនៃឌីជីថល (Digital Maturity)។

កិច្ចខិតខំប្រឹងប្រែងទំនើបកម្មឌីជីថលបាននាំឱ្យមានការផ្ទុះទិន្នន័យនៅក្នុងវិស័យឧស្សាហកម្ម ដែលមានដូចជា វិស័យសុខាភិបាល ធនាគារ ការប្រើប្រាស់ទឹកភ្លើង និងរដ្ឋាភិបាល ប៉ុន្តែវិស័យទាំងអស់នេះសុទ្ធតែប្រឈមនឹងបញ្ហាទិន្នន័យ។ ATC នឹងចូលរួមជាមួយក្រុមហ៊ុន Human Managed ដើម្បីបង្កើតប្រសិទ្ទិភាព និងទិន្នន័យឆ្លាតវ័យ (Intelligence Data), អនុសាសន៍ក្នុងការសម្រេចចិត្ត និងតាមដានទិន្ន័យណាមួយក្នុងជួររដ្ឋាភិបាល វិស័យឯកជនរបស់កម្ពុជា។

ATC ជាស្ថាប័នមួយរបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ត្រូវបានគេរំពឹងថានឹងផ្តល់នូវវេទិកាមួយសម្រាប់ការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា សាជីវកម្ម និងអ្នកជំនាញដើម្បីបង្កើតតម្លៃ និងបើកចំហរសក្តានុពល។ ATC នឹងក្លាយជាទីកន្លែង ដែលប្រមូលផ្តុំដោយធនធាន និងធាតុចូល រួមមានការណែនាំ ឬអនុសាសន៍ផ្សេងៗ ដែលមានសារសំខាន់ក្នុងការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា សម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលបានជ្រើសរើសប្រទេសកម្ពុជាជាទីតាំងវិនិយោគ ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ATC នឹងដើរតួជាអ្នកផ្សារភ្ជាប់រវាងក្រុមហ៊ុនបច្ចេកវិទ្យាសាកល និងក្រុមហ៊ុនបច្ចេកវិទ្យានានាដែលមាននៅកម្ពុជា និងទីផ្សារ បច្ចេកវិទ្យាកម្ពុជា។ ជាងនេះទៅទៀត កម្ពុជានឹងបង្កើត និងដើរតួជាអ្នកផ្តល់សេវាកម្មនៃជំនាញសន្តិសុខតាម អ៊ីនធឺណិតទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ATC ក៏នឹងផ្តល់នូវដំណោះស្រាយបែបការរៀនសូត្រ និងការអភិវឌ្ឍផ្សេងៗលំដាប់ពិភពលោកដល់អ្នកជំនាញ និងនិយោជកក្នុងប្រទេសកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍឧស្សាហម្ម និងជំនាញគ្រប់គ្រងផ្សេងៗ។ លើសពីនេះ ATC មានគោលបំណងផ្តល់នូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ ដើម្បីបំពេញគម្លាតជំនាញក្នុងដំណើរអភិវឌ្ឍសាជីវកម្មនៅកម្ពុជា និងផ្តោតលើការអភិវឌ្ឍផ្នែកបច្ចេកទេស សាជីវកម្ម និងភាពជាអ្នកដឹកនាំ៕