(អាមេរិក)៖ ក្រុមចម្រៀងបុរសកូរ៉េ BTS បានទទួលពានរង្វាន់ចំនួនបី នៅក្នុងកម្មវិធី «People's Choice Awards» នៅឆ្នាំនេះ ដែលជាកម្មវិធីប្រគល់ពានរង្វាន់ធ្វើឡើង នៅទឹកដីសហរដ្ឋអាមេរិក ខណៈក្រុម ឬអ្នកសិល្បៈដែលទទួលបានពានរង្វាន់ពីកម្មវិធីនេះ សុទ្ធសឹងតែមានប្រជាប្រិយភាព និងទទួលស្គាល់ពីមនុស្សទូទៅ តាមរយៈការបោះឆ្នោតដោយផ្ទាល់ពីសាធារណជន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Korea Times នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

ក្រុមចម្រៀងដ៏ល្បី BTS ទទួលបានពានរង្វាន់ «The Group of 2022» និងពានរង្វាន់ «The Concert Tour of 2022» ក្នុងអំឡុងពេលពិធីប្រគល់រង្វាន់នៅ Santa Monica រដ្ឋ California នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ Jungkook សមាជិកក្រុម BTS បានឈ្នះពានរង្វាន់ «The Collaboration Song of 2022» សម្រាប់បទ «Left and Right» ដែលសហការគ្នាច្រៀងជាមួយតារាចម្រៀងអាមេរិក Charlie Puth។

ការទទួលបាននេះ គឺ BTS បានយកឈ្នះបេក្ខភាពចំនួនប្រាំពីរផ្សេងទៀត រួមទាំងក្រុមនារីកូរ៉េ BLACKPINK, Coldplay, Imagine Dragons, Maneskin និង OneRepublic ដើម្បីជាប់ជាក្រុមល្អបំផុតសម្រាប់៣ឆ្នាំ ជាប់ៗគ្នា។ ក្នុង​ប្រភេទពានរង្វាន់ «Best Concert Tour» BTS បាន​ប្រកួត​ប្រជែង​ជាមួយ​តារា​ល្បីៗ​ដូចជា Bad Bunny, Billie Eilish, Dua Lipa, Ed Sheeran, Harry Styles និង Lady Gaga ជាដើម។ Jungkook សមាជិក BTS និង BLACKPINK ក៏ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ «វីដេអូចម្រៀងល្អបំផុត» សម្រាប់បទ «Yet to Come» និង «Left and Right» និង «Pink Venom» រៀងៗខ្លួន ប៉ុន្តែពានកិត្តិយសបានទៅ Taylor Swift សម្រាប់វីដេអូ «Anti-Hero»

គួរជម្រាបថា ពានរង្វាន់ «People’s Choice Awards» ត្រូវបានធ្វើឡើងតាំងពីឆ្នាំ១៩៧៥មកម្ល៉េះ ខណៈសិល្បករ និងបុគ្គលល្បីក្នុងវិស័យកម្សាន្ត មិនថាផ្នែកភាពយន្ត, ទូរទស្សន៍ និងតន្ត្រីនោះទេ សុទ្ធតែត្រូវបានសាធារណជន និងអ្នកគាំទ្រចូលរួមបោះឆ្នោត ដើម្បីក្លាយជាម្ចាស់ពានឈ្នះរង្វាន់ទៅតាមផ្នែកនីមួយៗ៕