(ភ្នំពេញ)៖ កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards 2023 ដែលមានដើមកំណើតនៅម៉ាឡេស៊ី ហើយនឹងកំពុងកើតឡើងជាលើកដំបូ ងនៅក្នុងប្រទេសកម្ពុជា នៅក្នុងខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើតការទទួលស្គាល់បាររង្គសាល ដែលមានគុណភាពសាកសមនឹងពានរង្វាន់ ជាមួយនឹងអ្នកក្រឡុកស្រាដ៏ជំនាញរបស់ពួកគេ ក៏ដូចជាផ្សព្វផ្សាយពីពួកគេទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ដែលពោរពេញទៅដោយសក្ដានុពល។

កម្មវិធីពានរង្វាន់ Top30 Bar Awards កម្ពុជា ដែលនាំមកជូនដោយ Heineken Cambodia មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី ហើយបានប្រារព្ធព្រឹត្តិការណ៍ផ្តល់រង្វាន់ ជាលើកដំបូងរបស់ខ្លួន ក្នុងប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីអបអរដល់បាររង្គសាល និងអ្នកក្រឡុកស្រាល្អបំផុតរបស់ប្រទេស។

Top 30 Bars ក៏មានបំណងចង់ក្លាយជាវេទិកាមួយដែលនឹងលើកកម្ពស់ស្តង់ដារ និងកេរ្តិ៍ឈ្មោះរបស់បាររង្គសាល និងវិស័យម្ហូបអាហារជារួមនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះគឺជាឱកាសដ៏ធំមួយសម្រាប់បាររង្គសាលកម្ពុជា និងអ្នកក្រឡុកស្រាដ៏ប៉ិនប្រសប់របស់ពួកគេ ក្នុងការទទួលបាន នូវការទទួលស្គាល់ និងភាពល្បីល្បាញនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

«យើងបានធ្វើការស្រាវជ្រាវទីផ្សារអំពីប្រទេសកម្ពុជា ហើយយើងគិតថានេះជាប្រទេសដ៏ស្រស់ស្អាតមួយហើយមានប្រជាជនរួសរាយរាក់ទាក់ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ មានបាររង្គសាលល្អៗ និងអ្នកក្រឡុកស្រាដ៏ពូកែជាច្រើន ប៉ុន្តែពួកគេត្រូវបានគេឲ្យតម្លៃតិចតួចពេក។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards របស់កម្ពុជា នឹងក្លាយជាកម្មវិធីដ៏អស្ចារ្យមួយ ដើម្បីអបអរដល់រង្គសាលស្រាក្រឡុកនិងស្រាបៀរលំដាប់កំពូលរបស់ប្រទេស ព្រោះថាពួកគេពិតជាស័ក្តិសមនឹងទទួលបានការទទួលស្គាល់»។ នេះពាក្យសម្ដីរៀបរាប់ក្នុងកិច្ចសម្ភាសមួយរបស់ លោក Alvin Sinclair ស្ថាបនិកកម្មវិធីពានរង្វាន់កំពូលទាំង 30 ។

អ្នកឈ្នះពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធី ដោយសារកម្មវិធីនឹងបន្តដំណើរការយុទ្ធនាការដ៏អស្ចារ្យជាច្រើន សម្រាប់ពួកគេ នៅក្រោយពេលពួកគេបានឈ្នះរង្វាន់។ កម្មវិធីពានរង្វាន់ Top30 Bar Awards 2023 របស់កម្ពុជានឹងចាប់ផ្តើមជាមួយនឹងការតែងតាំងបាររង្គសាលចំនួនប្រហែល១៥០ ដែលបានរាយបញ្ជីមកពីទូទាំងទីក្រុងសំខាន់ៗ ក្នុងប្រទេសកម្ពុជា ហើយបន្ទាប់មកនឹងត្រូវបានជ្រើសរើសត្រឹម ១០០បាររង្គសាលប៉ុណ្ណោះ។

នោះហើយជាពេលដែលបាររង្គសាល ដែលជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវបានវាយតម្លៃ ដោយក្រុមគណៈវិនិច្ឆ័យដែលបានគេចាត់តាំងមកពីវិស័យនេះ ដើម្បីកំណត់អ្នកជាប់ឈ្មោះចុងក្រោយចំនួន៥០ បាររង្គសាល ហើយអ្នកជាប់ឈ្មោះចុងក្រោយ នឹងត្រូវបានវាយតម្លៃជាបន្តបន្ទាប់ រហូតដល់ពួកគេរកឃើញបាររង្គសាលកំពូលទាំង៣០ ដែលសមនឹងទទួលបានពាន ហើយពានរង្វាន់នឹងត្រូវបានប្រគល់ នៅក្នុងពិធីជប់លៀងនៃកម្មវិធីប្រគល់ពានរង្វាន់។

កម្មវិធីពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលក្នុងខែមីនា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រហែល៤០០នាក់ រួមមានម្ចាស់បារ អ្នកក្រឡុកស្រា សមាជិកគ្រួសារ សិល្បករ សិល្បការនី និងក្រុមអ្នកសារព័ត៌មានជាដើម។

«នេះមិនមែនជាកម្មវិធីផ្តល់រង្វាន់ដាក់ចំណាត់ថ្នាក់ទេ។ ប៉ុន្ដែវាគឺជាកម្មវិធីមួយដែលវាយតម្លៃគុណភាពនៃបាររង្គសាលកំពូល ហើយប្រគល់ជូលពួកគេនូវពានរង្វាន់ ដែលបានរៀបរៀងតាមប្រភេទដោយគ្មានចំណាត់ថ្នាក់ ពីព្រោះយើងជឿថាពួកគេទាំងអស់គឺពិតជាអស្ចារ្យ និងមានភាពខុសប្លែកតាមបែបរៀងៗខ្លួនតាមអ្វីជាខ្លួនពួកគេ» លោក Alvin បានបន្ថែម។

ជាមួយនឹងរាល់កម្មវិធីពានរង្វាន់ Top30 Bar Awards ត្រូវបានប្រារព្ធឡើងនៅទីណា គឺតែងតែមានយុទ្ធនាការ CSR ត្រូវបានរៀបចំឡើងនៅទីនោះ។ Cambodia Top 30 Bar Awards នឹងប្រមូលថវិកា សម្រាប់មូលនិធិអង្គការផ្កាយសមុទ្រ Indochina Starfish Foundation (ISF) ដែលជាអង្គការសប្បុរសធម៌មួយដែលមានបទពិសោធន៍១៦ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងកម្មវិធីអភិវឌ្ឍន៍សហគមន៍ ដើម្បីផ្លាស់ប្ដូរជីវិតអ្នកដែលត្រូវការជំនួយបំផុតក្នុងការកសាងអនាគតដ៏ល្អមួយផងដែរ។ ទឹកប្រាក់ចូលរួមក្នុងកម្មវិធីនឹងត្រូវបានបរិចា្ចគទៅអង្គការផ្កាយសមុទ្រដើម្បីគាំទ្របេសកកម្មពួកគេ។

កម្មវិធីក៏មិនអាចកើតឡើងបាននោះទេ បើមិនមានការចូលរួមគាំទ្រយ៉ាងមានតម្លៃពីសំណាក់អ្នកឧបត្ថម្ភធំ គឺ Heineken Cambodia និងចូលរួមឧបត្ថមផ្ដាច់មុខដោយ Chivas Regal និង Ballantine’s និងគាំទ្រដោយ Seekers និង Giffard។ ដោយសារនេះជាកម្មវិធីប្រចាំឆ្នាំ បន្ទាប់ពីប្រទេសកម្ពុជា កម្មវិធីនៅតែបន្តបេសកកម្មរបស់ខ្លួនទៅកាន់គោលដៅបន្ទាប់របស់ពួកគេ រួមមានប្រទេសវៀតណាម ឥណ្ឌូនេស៊ី តៃវ៉ាន់ ហ្វីលីពីន ថៃ សិង្ហបុរី ជប៉ុន និងកូរ៉េ និងប្រទេសផ្សេងៗទៀតដែលពួកគេចង់រៀបចំកម្មវិធីនេះឡើង៕