(ភ្នំពេញ)៖ ក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ជីប ម៉ុង តែងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីផ្គត់ផ្គង់ឈាមទៅកាន់មន្ទីរពេទ្យ ដែលខ្វះខាតឈាមក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។ ឆ្នាំនេះផងដែរ ជីប ម៉ុង និងសម្ព័ន្ធពាណិជ្ជកម្មរបស់ខ្លួន ចំនួន ៤ ទៀត រួមមាន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍, ធនាគារ ជីប ម៉ុង, ជីប ម៉ុង រីថែល និង ជីប ម៉ុង លែន បាននាំកម្មវិធីបរិច្ចាគឈាមត្រឡប់មកវិញ ដែលនឹងធ្វើឡើងនៅថ្ងៃទី ៨, ១៣, ១៤ ខែធ្នូ ឆ្នាំ ២០២២ សម្រាប់បុគ្គលិក និងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល ទាំងសម្រាប់បុគ្គលិក និងសម្រាប់សាធារណជន។

ជាក់ស្ដែង «ការផ្ដល់ឈាម គឺជាអំណោយជីវិតដ៏មានតម្លៃ» ដែលមនុស្សជាច្រើនអាចផ្ដល់បាន ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រមទាំងផ្ដល់មកវិញនូវអត្ថប្រយោជន៍សម្រាប់សុខភាពដល់អ្នកបរិច្ចាគ។ ផលប្រយោជន៍នៃការបរិច្ចាគឈាមមានជាអាទិ៍៖ វាបានជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកផ្សេងៗ ជាពិសេសកាត់បន្ថយការលើសជាតិដែក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម និងលំពែង ព្រមទាំង ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ និងជំងឺដាច់សរសៃរ ឈាមក្នុងខួរក្បាល។ ក្រៅពីនេះ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ។

អាស្រ័យហេតុនេះ ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចទំនួលខុសត្រូវសង្គមផ្សេងៗ បានបង្កើតវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងលើកទឹកចិត្តឱ្យបុគ្គលិកទាំងអស់ចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ ក៏ដូចជាយល់ដឹងពីគុណប្រយោជន៍ គុណតម្លៃ នៃការបរិច្ចាគឈាមផងដែរ។ សកម្មភាពនេះក៏ជាការផ្សព្វផ្សាយ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ រួមចំណែកជួយសង្គមជាតិតាមរយៈការស្ម័គ្រចិត្តផ្ដល់ឈាម ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមដល់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយមិនរើសអើង និងមិនប្រកាន់ពូជសាសន៍នៃសាសនាអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា កន្លងមកយុទ្ធនាការបរិច្ចាគឈាមរបស់ ក្រុមហ៊ុន ជីប ម៉ុង តែងតែទទួលបានការគាំទ្រ និងអ្នកស្ម័គ្រចិត្តចូលរួមជាច្រើន។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់បន្តសកម្មភាពសង្គ្រោះជីវិតនេះនៅ៖

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២
វេលាម៉ោង ៩:៣០ ព្រឹក - ៤:០០ រសៀល
ទីតាំង ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

ចូលរួមទាំងអស់គ្នា «បរិច្ចាគឈាម សង្គ្រោះជីវិត»!