(អាល់រេយ៉ាន់)៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក Eden Hazard បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិហើយ ក្នុងវ័យ ៣១ឆ្នាំ បន្ទាប់ពីក្រុមរបស់លោកបានធ្លាក់ចេញ ត្រឹមវគ្គជម្រុះក្នុងពូលនៅព្រឹត្តិការណ៍ World Cup។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

ខ្សែប្រយុទ្ធរូបនេះ បានលេងនៅគ្រប់ការប្រកួតសន្សំពិន្ទុក្នុងពូល F ទាំង ៣លើក ប៉ុន្តែមិនអាចរកគ្រាប់បាល់បាននោះទេ ខណៈបែលហ្សិក បានយកឈ្នះកាណាដា, ចាញ់ម៉ារ៉ុក និងស្មើគ្មានគ្រាប់បាល់ជាមួយក្រូអាត។

Hazard បានបង្ហាញខ្លួនលើកដំបូង ក្នុងជម្រើសជាតិកាលឆ្នាំ២០០៨ ហើយបានស៊ុតបញ្ចូលទី ៣៣គ្រាប់ ក្នុងការបង្ហាញខ្លួន ១២៦ប្រកួត។ លោកបានជួយប៊ែលហ្សិក ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ 2018 World Cup។

«ខ្ញុំបានសម្រេចចិត្តបញ្ចប់អាជីពប្រកួតជម្រើសជាតិរបស់ខ្ញុំ។ អរគុណសម្រាប់ការស្រឡាញ់របស់អ្នក។ អរគុណចំពោះការគាំទ្ររបស់អ្នក។ អរគុណអ្នកទាំងអស់គ្នា ចំពោះការចែករំលែកសុភមង្គល ចាប់តាំងពីឆ្នាំ២០០៨...ខ្ញុំនឹងនឹកអ្នកទាំងអស់គ្នា»។ Hazard បានសរសេរនៅលើ Instagram។

សូមរំលឹកផងដែរថា គ្របង្វឹកប៊ែលហ្សិក លោក Roberto Martinez បានលាលែងពីតំណែងរបស់លោក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីខកចិត្តលទ្ធផលការប្រកួតនៅប្រទេសកាតា៕