(ប៊ែលហ្វាស់)៖ អៀរឡង់ខាងជើង បានតែងតាំងជាថ្មីម្តងទៀត លោក Michael O'Neill ជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន លើកិច្ចសន្យារយៈពេល ៥ឆ្នាំកន្លះ ដើម្បីជំនួសតំណែងលោក Ian Baraclough ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែតុលាកន្លងទៅ។ នេះបើតាមការប្រកាសពី សមាគមបាល់ទាត់អៀរឡង់ខាងជើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

លោក O'Neill វ័យ ៥៣ឆ្នាំ បានវិលត្រឡប់បំពេញតួនាទីនេះជាលើកទី២ បន្ទាប់ពីបានចាកចេញក្នុងឆ្នាំ២០២០ ចំពេលមានការរាតត្បាតពីជំងឺកូវីដ-១៩។ លោកត្រូវបានជំនួសដោយលោក Baraclough ដែលបានដឹកនាំក្រុមឈ្នះបានតែ ៤ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២២ប្រកួត មុនពេលត្រូវបានបណ្តេញចេញ។

"ខ្ញុំពិតជារីករាយ ក្នុងការក្លាយជាអ្នកចាត់ការក្រុមអៀរឡង់ខាងជើង"។ នេះបើតាមសម្តីលោក O'Neill បានលើកឡើង។

O'Neill បានកាន់តួនាទីជាអ្នកចាត់ការក្រុមអៀរឡង់ខាងជើងជាលើកដំបូង ក្នុងឆ្នាំ២០១១ និងបានដឹកនាំក្រុមលេងនៅព្រឹត្តិការណ៍ Euro 2016 ជាការប្រកួតអន្តរជាតិធំលើកដំបូងបំផុត សម្រាប់អៀរឡង់ខាងជើង ក្នុងរយៈពេល ៣០ឆ្នាំ ដែលពួកគេបានធ្លាក់ចេញក្នុងវគ្គ ១៦ក្រុមចុងក្រោយនោះ៕