(បរទេស)៖ Apple បានប្រកាសចេញមុខងារថ្មីមួយសម្រាប់សេវាកម្ម Streaming Apple Music ដែលគ្រោងនឹងមកដល់ឆាប់ៗខាងមុខនេះ ដែលមុខងារនោះត្រូវបានគេហៅថា Apple Music Sing។ សម្រាប់មុខងារថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចច្រៀងខារ៉ាអូខេបាន ជាពិសេសសម្រាប់អតិថិជន Apple Music ទាំងអស់ទូទាំងពិភពលោកដែលប្រើប្រាស់ iPhone, iPad និង Apple TV 4K ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

មុខងារច្រៀងខារ៉ាអូខេ Apple Music Sing ថ្មីនេះ នឹងអាចឱ្យអ្នកប្រើប្រាស់អាចកំណត់កម្រិតសម្លេងរបស់បទចម្រៀង រួមជាមួយនឹងបិទសម្លេងម្ចាស់ដើម ក៏ដូចជាមានអក្សររត់កាត់ សម្រាប់ឱ្យ ច្រៀងតាមផងដែរ។ តែយ៉ាងណាចំពោះមុខងារនេះត្រូវបាន Apple គូសបញ្ជាក់ថា នឹងមានសម្រាប់តែអ្នក Subscribe ប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ដែលមិនបានបង់ថ្លៃជាវនឹងមិនទទួលបានមុខងារ Apple Music Sing ថ្មីនេះនោះទេ។

គួរបញ្ជាក់ដែរថា សម្រាប់មុខងារច្រៀងខារ៉ាអូខេថ្មីនេះ Apple នឹងដាក់ឱ្យប្រើប្រាស់នៅចុងខែធ្នូនេះតែម្តង ដែលមានបទចម្រៀងច្រើនជាង ១០ លានបទនៅលើ Apple Music បូករួមជាមួយនឹងបទពិសោធន៍អត្ថបទចម្រៀងដ៏ពេញនិយមជាច្រើនថែមទៀតផង៕