(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសបញ្ជូនកីឡាករជម្រើសជាតិ ៨រូប ទៅបោះជំរំហ្វឹកហាត់រយៈពេល ២សប្ដាហ៍ នៅប្រទេសកាហ្សាក់ស្ថាន ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា កីឡាករដែលត្រូវបោះជំរំហ្វឹកហាត់ខាងលើ គឺមានកីឡាករ នៅ សុខទី, សៅ រង្សី, ទូច ដេវីត, វ៉ែន រដ្ឋា, ពេញ វណ្ណថង, អាន់វ៉ា ណាស្រេឌីនូវ, អុង ភារាក់ និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ដែលត្រូវហ្វឹកហាត់ពីថ្ងៃទី០៩-២៣ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ នៅប្រទេសកាហ្សាក់ស្ថាន ។

លោកបន្ដថា កំឡុងពេលហ្វឹកហាត់ ក្រុមជម្រើសជាតិកម្ពុជា ក៏នឹងប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមជម្រើសជាតិគុយបា កាហ្សាក់ស្ថាន ក៏ដូចជាជើងខ្លាំងមួយចំនួនទៀតមកពីជុំវិញពិភពលោក ។ លោកបានចាត់ទុកនេះ គឺជាឱកាសហ្វឹកហាត់ និងពង្រឹងទាំងកម្រិតសិទ្ធិផល និងបទពិសោធន៍ប្រកួតអន្តរជាតិ ដែលអនុញ្ញាតឲ្យពួកគេ ត្រៀមបានល្អសម្រាប់ដណ្តើមមេដាយនាការប្រកួតជាលក្ខណៈអន្តរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា ក្រៅពីការបោះជំរំហ្វឹកហាត់ខាងលើ សហព័ន្ធក៏មានគម្រោងបញ្ជូនក្រុមជម្រើសជាតិទៅចូលរួមបោះជំរំហ្វឹកហាត់ និងប្រកួតអន្តរជាតិជាច្រើនទៀត មុនដល់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាគោលដៅដ៏សំខាន់បំផុតរបស់សហព័ន្ធសម្រាប់ផែនការ ឆ្នាំ២០២៣ ផងដែរ ៕