(បរទេស)៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការជួយសង្រ្គោះជីវិតបុរសម្នាក់ដែលបានជាប់គាំងនៅតំបន់ដាច់ស្រយាលក្នុងរដ្ឋអាឡាស្កាកាលពីពេលថ្មីនេះ ពេលនេះ Apple បានសម្រេចពង្រីកមុខងារ Emergency SOS និង Find My តាមរយៈផ្កាយរណបរបស់ខ្លួនទៅកាន់ចក្រភពអង់គ្លេសហើយ ដោយនឹងដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

Apple បានដាក់ចេញមុខងារ Emergency SOS ដែលភ្ជាប់ដំណើរការតាមរយៈផ្កាយរណបនៅសហរដ្ឋអាមេរិក និងកាណាដាកាលពីខែមុននេះ ហើយពេលនោះ Apple បាននិយាយថា ខ្លួននឹងពង្រីកទៅកាន់ប្រទេសបារាំង អាល្លឺម៉ង់ អៀរឡង់ និងចក្រភពអង់គ្លេសក្នុងអំឡុងខែធ្នូ។ ដូច្នេះរបាយការណ៍ថ្មីនេះ Apple កំពុងតែតបតាមការសន្យាហើយ ដោយ Apple សម្រេចបញ្ចេញមុខងារនេះទៅកាន់ចក្រភពអង់គ្លេសនៅថ្ងៃទី១៣ ខែធ្នូនេះ ប៉ុន្តែសម្រាប់ប្រទេស ៣ផ្សេងទៀតមិនទាន់ទទួលបានការបញ្ជាក់ពីពេលវេលាជាក់លាក់នោះទេ។ ទន្ទឹមនឹងការប្រកាសខាងលើនេះត្រូវបានគេរំពឹងថា Apple ទំនងជាបញ្ចេញមុខងារ Emergency SOS ទៅកាន់ចក្រភពអង់គ្លេសជាមួយកំណែ iOS 16.2 ថ្មីដែលគ្រោងដាក់ចេញឱ្យធ្វើបច្ចុប្បន្នភាពនៅសប្តាហ៍ក្រោយនេះផងដែរ។

គួរបញ្ជាក់ដែរថា មុខងារ Emergency SOS ដែលភ្ជាប់ដំណើរការតាមរយៈផ្កាយរណបនេះ ត្រូវបាន Apple ដាក់ចេញជាមួយនឹង iPhone 14 ទាំងអស់ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 16.1 លើសពីនេះទៅទៀត Apple បានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំសម្រាប់ប្រទេសដែលទទួលបានការគាំទ្រមុខងារនេះ៕