(អាមេរិក)៖ នាពេលថ្មីៗនេះ លោក Elon Musk ថៅកែថ្មីរបស់ក្រុមហ៊ុន Twitter បានចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់ Q&A មួយនៅលើ Twitter Space ដោយបានឆ្លងឆ្លើយសំណួរជាច្រើន។ ក្នុងពេលវេលានោះ Elon Musk ស្រាប់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានបោះសំដីថា លោកផ្ទាល់ចង់ដាល់ Kanye West ចំកណ្តាលមុខ ព្រោះតែគ្រឺតនឹងសំដីដ៏ហួសចិត្តមួយចំនួនរបស់តារារូបនេះ។

បើតាមការចេញផ្សាយដោយគេហទំព័រ NME បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅនេះ គេហទំព័រទ្រឹស្ដីស្តាំនិយមរបស់សហរដ្ឋអាមេរិកគឺ Infowars បានចេញផ្សាយបទសម្ភាសន៍មួយ ដែលម្ចាស់កម្មវិធី Alex Jones ធ្វើឡើងជាមួយតារារ៉េប Kanye West ដោយបានកោតសរសើរអ្នកនយោបាយមួយរូប គឺលោក Adolf Hitler ហើយច្រានចោលថា Holocaust ដែលបានកើតឡើង មិនមែនដោយសារ Adolf Hitler ជាអ្នកសម្លាប់ជនជាតិជ្វីហ្វចំនួន ៦លាននាក់នោះទេ។ បើយោងតាមសារមន្ទីរ Holocaust Memorial របស់​សហរដ្ឋ​អាមេរិក ប្រជាជនជ្វីហ្វប្រហែល៦លាននាក់ ត្រូវបានសម្លាប់ក្នុងអំឡុងការសម្លាប់រង្គាលរវាងឆ្នាំ១៩៤១ និង១៩៤៥ កំឡុងសង្គ្រាមលោកលើកទីពីរនៅអឺរ៉ុប។

Elon Musk បានប្រាប់អ្នកដែលបានស្ដាប់សំណួរចម្លើយ កាលពីថ្ងៃសៅរ៍ថា «ខ្ញុំផ្ទាល់ពិតជាចង់ដាល់មុខ Kanye ណាស់ ព្រោះពិតជាញុះញង់ឲ្យខ្ញុំមានទំនោរទៅរកអំពើហិង្សា អ៊ីចឹងវាមិនល្អទាល់តែសោះ»។ Elon Musk បានបន្ថែមអំពីការផ្អាកគណនី Ye ថា «ខ្ញុំគិតថាវាសំខាន់ ដែលមនុស្សដឹងថា វាគឺជាការសម្រេចចិត្តរបស់ខ្ញុំ។ នៅពេលណាមួយ អ្នកត្រូវតែនិយាយអ្វីដែលជាការញុះញង់ឲ្យមានអំពើហិង្សា ព្រោះវាផ្ទុយនឹងច្បាប់នៅក្នុងសហរដ្ឋអាមេរិក»

ជាការពិត ការនិយាយជាសាធារណៈរបស់តារាចម្រៀងរ៉េប Kanye West ត្រូវបានគេដឹងថា បាននាំលោកឲ្យប្រឈមមុខនឹងរលកនៃការធ្វើពហិការដ៏ធំបំផុត ក្នុងអាជីពការងារ ដូចជាត្រូវបានដកហូតតំណែង មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ដោយទស្សនាវដ្ដី Forbes កាលពីថ្ងៃទី២៥ ខែតុលា, មានម៉ាកយីហោធំៗជាច្រើន បានលុបចោលកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយ ដូចជា Adidas, GAP ជាដើម។ គ្រប់យ៉ាងដែលបានកើតឡើង គឺដោយសារតែចលនាប្រកាន់ពូជសាសន៍របស់តារារ៉េបរូបនេះផ្ទាល់៕