(ពិភពលោក)៖ ការប្រកួតបាល់ទាត់ FIFA World Cup 2022 នៅប្រទេសកាតា បានឈានចូលដល់វគ្គ ៨ក្រុមចុងក្រោយដោយឃើញថា មានតែ ៤ក្រុមធ្លាប់បានលើកពាននេះ និងមាន ៤ក្រុមមិនធ្លាប់លើកពាន ខណះដែលក្នុងវគ្គសំខាន់នេះ មានក្រុមជម្រើសជាតិប្រេស៊ីល ជាក្រុមលើកពានបាល់ទាត់ពិភពលោកនេះ ៥ដងច្រើនជាងគេ។

ដូច្នេះ Fresh News សូមបង្ហាញក្រុមដែលធ្លាប់លើកពាន និងមិនធ្លាប់លើកពាន សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup មានដូចជា៖

១៖ ប្រេស៊ីល ត្រូវបានកត់ត្រាចូលជាក្រុមបាល់ទាត់ជោគជ័យបំផុតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដោយធ្លាប់គ្រងជើងឯកបានចំនួន ៥ដងច្រើនជាងគេ ពីការឈ្នះនៅឆ្នាំ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និងចុងក្រោយឆ្នាំ២០០២ ដែលកាលនោះធ្វើឡើងនៅទ្វីបអាស៊ី មានជប៉ុន និងកូរ៉េខាងត្បូង សហការគ្នារៀបចំធ្វើជាម្ចាស់ផ្ទះ។

២៖ ក្រុមអាហ្សង់ទីន ធ្លាប់គ្រងជើងឯកបានចំនួន ២ដងមាននៅឆ្នាំ ១៩៧៨,១៩៨៦។
៣៖ ក្រុមបារាំង ដែលជាការពារតំណែងជើងឯកបច្ចុប្បន្ន ក៏ធ្លាប់គ្រងជើងឯកបានចំនួន ២ដងនៅឆ្នាំ១៩៩៨ និងឆ្នាំ២០១៨។
៤៖ ក្រុមអង់គ្លេស ធ្លាប់គ្រងជើងឯកបានចំនួន ១ដងនៅឆ្នាំ១៩៦៦។

គួរដឹងផងថា សម្រាប់វគ្គ ៨ក្រុមនេះមានតែក្រុម៤ ដែលមិនធ្លាប់ឈ្នះពាននេះ មានក្រុមក្រូអាត, ព័រទុយហ្គាល់, ហូឡង់, និងម៉ារ៉ុក ខណៈក្រុមហូឡង់ ធ្លាប់រងជើងឯក ៣លើកមាននៅឆ្នាំ១៩៧៤, ១៩៧៨ និង២០១០, ដ្បិតក្រូអាត បានរងជើងឯកឆ្នាំ២០១៨ ហើយក្រុមព័រទុយហ្គាល់ បានត្រឹមលេខ៣ និងលេខ៤ ពេលដែលនេះជាប្រវត្តិសាស្ត្រថ្មីរបស់ក្រុមម៉ារ៉ុក ដែលបានឡើងដល់វគ្គនេះ៕