(ភ្នំពេញ)៖ នាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានជំរុញថ្នាក់ដឹកនាំ មន្ដ្រី និងកីឡាករ-កីឡាការិនី នៃកងយោធពលខេមរភូមិន្ទ ត្រូវខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យកាន់តែមុតស្រួច ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរកីឡា ឆ្ពោះទៅសាងកំណត់ត្រាដណ្ដើមមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ ។

ការជំរុញនេះ ធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ដ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៨ ខែធ្នូនេះ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

ប្រមុខកីឡាកងទ័ពខាងលើ បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ដ្រី និងកីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ រហូតសម្រេចបានសមិទ្ធផលយ៉ាងល្អប្រសើរ ក្នុងឆ្នាំ២០២២ ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពកីឡាជាតិ លើឆាកអន្ដរជាតិ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ឆ្លៀតឱកាសនោះ លោកបានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ដ្រី កីឡាករ-កីឡាការិនី នាយទាហាន នាយទាហានរង និងពលទាហានគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ បន្ដចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវការផ្សព្វផ្សាយយុទ្ធនាជាតិស្ដីពី “ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខប្រចាំជីវិត” និង “រួមគ្នាដើម្បីកម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ” “កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន” និងយុទ្ធនាការ “កីឡារស់ក្នុងសន្ដិភាព”

ដើម្បីលើកកម្ពស់វិស័យកីឡាកងទ័ព ត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ស្របតាមផែនការមេរបស់គណៈកម្មាធិការជាតិ CAMSOC និងព្រឹត្តិការណ៍អន្ដរជាតិនានា លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានផ្ដល់នូវអនុសាសន៍ ៦ចំណុច រួមមាន៖

១, ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងកីឡាគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

២, ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បន្ដយកចិត្តទុកដាក់សហការឲ្យបានជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ដើម្បីរៀបចំផែនការការងារកីឡាឲ្យបានហ្មត់ចត់ និងត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យខ្ពស់ក្នុងការចូលរួមប្រកួតកីឡាអន្ដរជាតិដ៏ធំ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រជាតិនេះ ។

៣, អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បន្ដរៀបចំកសាង និងអនុវត្តផែនការតាមកម្មវិធីដែលបានគ្រោងទុក ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់បណ្ដុះបណ្ដាល លើកកម្ពស់ សមត្ថភាពធនធានមនុស្ស មន្ដ្រីដឹកនាំគ្រប់គ្រងកីឡា មន្ដ្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ-កីឡាការិនី សម្រាប់ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការប្រកួតកីឡាជាតិ លើកទី៤ នាឆ្នាំ២០២៤ ឲ្យទទួលបានជោគជ័យ ដោយឈរលើស្មារតីរួមគ្នាជាធ្លុងមួយរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដើម្បីធ្វើឲ្យវិស័យកីឡាកងយោធពលខេមរភូមិន្ទ កាន់តែរីកចម្រើនមួយកម្រិតថែមទៀត ។

៤, ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត ដើម្បីស្វែងរកការកៀរគរជួយគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ រឹង ជួយឧបករណ៍សម្ភារៈ និងមធ្យោបាយផ្សេងៗ សម្រាប់បម្រើដល់ការហ្វឹកហាត់ និងបញ្ជូនមន្ដ្រី កីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅក្រៅប្រទេស និងត្រៀមទទួលគណៈប្រតិភូបណ្ដាប្រទេសជាមិត្ត អញ្ជើញមកទស្សនកិច្ចនៅជម្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទឲ្យបានល្អ តាមគម្រោងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ។

៥, បន្ដលើកកម្ពស់សមត្ថភាព នាយទាហាន នាយទាហានរង ទទួលបន្ទុកកិច្ចការរដ្ឋបាល ឲ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងការចរាចរឯកសារ ការរក្សាទុកឯកសារជាប្រវត្តិសាស្ដ្រ វិស័យកីឡា គឺជាការងារអាទិភាពសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ ដកបទពិសោធន៍ការងារ ។

៦, ថ្នាក់ដឹកនាំ មន្ដ្រី កីឡាករ-កីឡាការិនី នាយទាហាន នាយទាហានរង និងពលទាហានគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ត្រូវរៀបចំឲ្យគ្រប់លក្ខណៈសម្បត្តិ ក្នុងនាមម្ចាស់ផ្ទះរង់ចាំទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងភ្ញៀវជាតិ អន្ដរជាតិ មកពីគ្រប់ទិសទីជុំវិញពិភពលោក ទទួលនូវស្នាមញញឹម រួសរាយរាក់ទាក់ជាមួយឥរិយាបថស្លូតបូត សុភាពរាបសា ថ្លៃថ្នូររបស់យើង ដែលកំពុងរស់នៅក្នុងសុខសន្ដិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ និងចូលរួមរៀបចំតុបតែង សម្អាតអនាម័យ លុបបំបាត់ភាពអសកម្មក្នុងសង្គម ដើម្បីលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោក តែម ម៉ឺន អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរ ដែលកីឡាករ-កីឡាការិនីរបស់ខ្លួន ទទួលបានក្នុងឆ្នាំ២០២២ ទាំងថ្នាក់ជាតិ និងអន្ដរជាតិសរុប មេដាយមាស ១២៣គ្រឿង, ប្រាក់ ៧៤គ្រឿង, សំរឹទ្ធ ៧៦គ្រឿង, ខ្សែក្រវាត់ចំនួន ៨ខ្សែ និងពានចំនួន ១០ ។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងនោះក៏មានមេដាយស៊ីហ្គេម លើកទី៣១ នៅវៀតណាមចំនួន ២៣គ្រឿងផងដែរ រួមមានមេដាយមាស ៣ ប្រាក់ ៥ និងសំរឹទ្ធ ១៥គ្រឿង៕