(គូឡាំឡាំពួរ)៖ លោក Hirose Ryu គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយម៉ាឡេស៊ីយប់នេះ គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការត្រៀមលក្ខណៈលេងពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 នាពេលឆាប់ៗខាងមុខ។

លោកបានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីម្សិលមិញ ស្របពេលក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី នាវេលាម៉ោង ៨យប់នេះ (ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋាន Bukit Jalil។

គ្រូបង្វឹកជនជាតិជប៉ុនខាងលើបញ្ជាក់ថា «យើងទើបតែបញ្ចប់ការប្រកួតនៃលីគកំពូលកម្ពុជា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន បន្ទាប់មកពួកគេចាប់ផ្ដើមប្រមូលផ្ដុំនៅកម្ពុជាមុនពេលមកទីនេះ ១ថ្ងៃ។ វាពិតជាមានរយៈពេលខ្លីសម្រាប់ពួកយើង ប៉ុន្ដែយើងរៀបចំបានយ៉ាងល្អ ដើម្បីធ្វើឲ្យប្រាកដថា យុទ្ធសាស្ដ្រ និងបច្ចេកទេសចម្បងឆ្ពោះទៅមុខដោយរលូន»

ដៃស្ដាំលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាដដែលបន្ដថា «សម្រាប់ការប្រកួតដ៏សំខាន់នេះ ពួកយើងចង់ធ្វើឲ្យបានលទ្ធផលល្អ ក៏ដូចជាជ័យជម្នះផងដែរ ហើយការប្រកួតនេះ គឺជាផ្នែកមួយនៃការរៀបចំសម្រាប់ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 នាពេលខាងមុខ។ ដូច្នេះយើងនឹងខំប្រកួតឲ្យបានល្អបំផុត»

ជាការពិតក្រុមគោព្រៃកម្ពុជា មានពេល ៣ថ្ងៃប៉ុណ្ណោះ សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ រៀបចំក្រុម និងធ្វើដំណើរ ដើម្បីធ្វើការប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី។ បន្ទាប់មកកម្ពុជា នឹងត្រឡប់មកបន្ដប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុកវិញ ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ជាមួយថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។

ចំពោះកម្មវិធីប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ កម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលហ្វីលីពីនមុនគេ នាថ្ងៃទី២០-ធ្នូ មុនជួបឥណ្ឌូនេស៊ី ក្រៅដី នាថ្ងៃទី២៣-ធ្នូ។ បន្ទាប់មក កម្ពុជានឹងត្រូវបើកទ្វារផ្ទះជាថ្មី ទទួលប៊្រុយណេនាថ្ងៃទី២៩-ធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ៕