(អាល់រេយ៉ាន់)៖ ខ្សែការពារសំខាន់របស់ម៉ារ៉ុក Nayef Aguerd បានកំពុងតស៊ូជាមួយពេលវេលា ដើម្បីជាទាន់ពេលសម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៅឯព្រឹត្តិការណ៍ World Cup នាថ្ងៃសៅរ៍សប្តាហ៍នេះ ប៉ះព័រទុយហ្គាល់ បន្ទាប់ពីបានរងរបួសភ្លៅ អំឡុងពេលប្រកួតវគ្គ ១៦ក្រុមចុងក្រោយឈ្នះលើក្រុមអេស្ប៉ាញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

Aguerd ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករជើងខ្លាំងរបស់ម៉ារ៉ុក ដែលបានជួយឲ្យក្រុមឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ជាប្រទេសនៅទ្វីបអាហ្រ្វិកលើកដំបូងគេ ដែលឡើងដល់វគ្គនេះ ប៉ុន្តែត្រូវប្រឈមមុខ នឹងការព្យាបាលរបួសភ្លៅ ដែលមានការសង្ស័យ មុនពេលពួកគេដឹងថា តើលោកនឹងសមស្រប ឬយ៉ាងណា សម្រាប់ការប្រកួតនៅចុងក្រោយសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីក្រុមជម្រើសជាតិ។

ខ្សែការពារកណ្តាលរូបនេះ មានការខកចិត្ត នៅពេលដែលត្រូវបានប្តូរចេញ នៅនាទីជិត៩០ ក្នុងពេលប៉ះអេស្ប៉ាញ។ ម៉ារ៉ុក បានរក្សាលទ្ធផលស្មើ ដោយគ្មានគ្រាប់បាល់ បន្ទាប់ពីម៉ោងបន្ថែម ហើយក្រោយមកបានយកឈ្នះ ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី ក្រោយការប្រកួត។

កីឡាករវ័យ ២៦ឆ្នាំរូបនេះបានតស៊ូជាមួយនឹងបញ្ហារបួស ក្នុងរដូវកាលនេះ បន្ទាប់ពីបានចុះកិច្ចសន្យាលេងឲ្យក្លិប West Ham United ដោយផ្ទេរមកពីក្លិបបារាំង Stade Rennais ក្នុងតម្លៃប្រមាណ ៣០លានផោន (៣៦.៥០លានដុល្លារ)៕