(បរទេស)៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter កំពុងប្រកាសទម្លាក់តម្លៃជាវសេវាកម្ម Twitter Blue របស់ខ្លួនបន្ថែមទៀតពីតម្លៃ ៧.៩៩ដុល្លារ មកនៅត្រឹមតែ ៧ដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

ដើម្បីទទួលបានការទទួលស្គាល់ការប្រើប្រាស់គណនី Twitter ជាផ្លូវការមិនថាតែស្ថាប័នរដ្ឋ ឯកជនក្រុមហ៊ុន ឬអ្នកប្រើប្រាស់ទូទៅ កាលពីខែមុននេះ Twitter បានដាក់ចេញនូវជម្រើសបង់ប្រាក់ចំនួន ៣ដោយក្នុងនោះរួមមាន Twitter Blue, Gray និង Gold។ ទន្ទឹមនឹងរបាយការណ៍ចេញផ្សាយថ្មីនេះ Twitter កំពុងតែទម្លាក់តម្លៃសេវាកម្ម Twitter Blue ដែលជាមុខងារសម្រាប់សម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់ទូទៅ មកនៅតម្លៃត្រឹមតែ ៧ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ តែយ៉ាងណាទន្ទឹមនឹងទម្លាក់ផែនការបង់ប្រាក់នេះ Twitter បានផ្តល់នូវជម្រើស ២សម្រាប់អតិថិជនរបស់ខ្លួន ដោយក្នុងនោះរួមមាន ៧ដុល្លារសម្រាប់ការបង់ប្រាក់តាមរយៈគេហទំព័រ Twitter ផ្ទាល់ និង ១១ដុល្លារតាមរយៈ iPhone App។

ដោយឡែកជុំវិញការផ្លាស់ប្តូរនេះត្រូវបានប្រភពលើកឡើងថា ទំនងជា Twitter ឆ្លើយតបប្រឆាំងទៅនឹងការគិតពន្ធប្រមាណ ៣០ភាគរយនៅលើប្រព័ន្ធប្រតិបត្តិការ (OS) របស់ Apple ដែលលោក Elon Musk បាន បង្ហោះត្អូញត្អែរនៅលើ Twitter ជាបន្តបន្ទាប់។ លើសពីនេះទៅទៀតការដាក់ចេញរបស់ Twitter កំពុងតែទាក់ចិត្តអ្នកប្រើប្រាស់ឱ្យទៅកាន់ Platform របស់ខ្លួនកាន់តែច្រើនជាមួយនឹងជម្រើសបង់ប្រាក់ទាប ជៀសជាងការបង់ប្រាក់តាមរយៈ iPhone ដែលមានតម្លៃខុសត្រូវគ្នាខ្ទង់ ៤ដុល្លារឯណោះ៕