(អាល់រេយ៉ាន់)៖ សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) បានច្រានចោលនូវការផ្សាយព័ត៌មានថា កីឡាករ Cristiano Ronaldo បានគំរាមលាឈប់ពីក្រុមបាល់ទាត់ជម្រើសជាតិ នៅអំឡុងពេលព្រឹត្តិការណ៍ World Cup បន្ទាប់ពីគ្រូបង្វឹក Fernando Santos បានដកឈ្មោះប្រធានក្រុមនេះចេញពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេ ដែលបានឈ្នះលើក្រុមស្វីស។ នេះបើយោងតាមសារព័ត៌មាន​ CNA ចេញផ្សាយនាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

Ronaldo ជាកីឡាករលេងឲ្យជម្រើសជាតិច្រើនជាងគេបំផុត និងជាកំពូលអ្នករកគ្រាប់បាល់ នូវគ្រប់ពេលទាំងអស់របស់ព័រទុយហ្គាល់នោះ បានស្ថិតក្នុងបញ្ជីឈ្មោះកីឡាករបម្រុង នៅក្នុងការប្រកួតកាលពីថ្ងៃអង្គារ ខណៈពួកគេបានយកឈ្នះស្វីស ៦-១ ជាមួយអ្នកជំនួសលោក គឺកីឡាករ Goncalo Ramos ដែលរកបាន ៣គ្រាប់ (Hat-trick)។ Ronaldo ត្រូវបានដាក់ឲ្យចូលលេង នៅចុងម៉ោងប្រកួត។

"FPF សូមបញ្ជាក់ថា គ្មានពេលវេលាណា ដែលកីឡាករប្រធានក្រុម Chistiano Ronaldo គំរាមចាកចេញពីក្រុមជម្រើសជាតិ នៅក្នុងវគ្គប្រកួតណាមួយ ក្នុងប្រទេសកាតានោះទេ"។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធ។

សូមជម្រាបថា ព័រទុយហ្គាល់ នឹងប៉ះម៉ារ៉ុក ក្នុងវគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃសៅរ៍ស្អែកនេះ៕