(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ បានចាប់ផ្ដើមរៀបចំសកម្មភាពកីឡា ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) ដោយព្រឹកថ្ងៃទី០៩ ខែធ្នូនេះ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្ដរជាតិ និងសិស្សានុសិស្សប្រមាណ ៦០០នាក់បានចូលរួមរត់កម្សាន្ដ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ។

លោក គង់ វីតាណ: អភិបាលរងខេត្តបានសម្ដែងសេចក្ដីរីករាយ និងគាំទ្រពេញទំហឹង ចំពោះសកម្មភាពកីឡាដែលក្រសួងទេសចរណ៍ និង NOCC បានរៀបចំ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ឆ្នាំ២០២២។ លោកបានចាត់ទុកសកម្មភាពនេះ គឺជាផ្នែកមួយដ៏សំខាន់ជួយដល់ខេត្ត ក្នុងការបង្កើនបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ បានចូលរួមលេង និងទស្សនាកម្សាន្ដ។

លោកថា «ជាស្មារតី និងជាទស្សនៈរបស់រដ្ឋបាលខេត្ត គឺសូមសម្ដែងនូវការគាំទ្រ ចំពោះការរៀបចំនេះ ពីព្រោះធ្វើឲ្យពិធីបុណ្យសមុទ្ររបស់យើង រួមជាមួយការអបអរសាទរមហាសន្និបាតក្លិបឆ្នេរស្អាតបំផុតលើសកលលោក ដែលជាមុខមាត់មួយរបស់ប្រទេសជាតិយើង ពិសេសខេត្តព្រះសីហនុ សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ អ្វីដែលពិសេស ព្រឹត្តិការណ៍នេះ នឹងមានមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ដើម្បីអបអរសាទរបុណ្យសមុទ្រឆ្នាំនេះ NOCC ដោយមានការចង្អុលបង្ហាញពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានរៀបចំសកម្មភាពកីឡាមួយចំនួន ដូចជាការរត់កម្សាន្ដព្រឹកនេះ មានអ្នកចូលរួមប្រមាណ ៦០០នាក់ បន្ទាប់មកនឹងមានការប្រណាំងកង់ សម្ដែងទូកក្ដោង ពិសេសការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ រយៈពេល ៣ថ្ងៃពេញ នៅឆ្នេរអូរត្រេះ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមទស្សនាដោយសេរីទៀតផង។

សម្រាប់ការចាប់ផ្ដើមសកម្មភាពកីឡាថ្ងៃនេះដែរ លោកបានបង្ហាញមោទនភាព ចំពោះកម្មវិធីរត់កម្សាន្ដខាងលើ ដែលមានសិស្សានុសិស្សជាង ៤៥០នាក់ចូលរួម ព្រមទាំងប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្ដរជាតិជាច្រើនទៀត ដែលចូលរួមរត់ដោយស្នាមញញឹម ធ្វើឲ្យគណៈកម្មការរៀបចំមានទំនុកចិត្ត និងសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ហើយក្លាយជាផ្នែកមួយបង្កភាពសប្បាយរីករាយ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក្នុងឱកាសបុណ្យសមុទ្រ ឆ្នាំ២០២២ នេះ៕