(ភ្នំពេញ)៖ ភស្តុតាងជាសាកលបង្ហាញថា ការប្រើចក្ខុវិស័យយេនឌ័រក្នុងការរចនាគោលនយោបាយ ផលិតផល និង សេវាកម្មហិរញ្ញវត្ថុអាចជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច។ ដើម្បីជំរុញការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈបរិយាបន្នហិរញ្ញវត្ថុ Women’s World Banking (WWB) រួមជាមួយធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំការជួបជុំ និយតករ អ្នកផ្តល់សេវាហិរញ្ញវត្ថុ និងអ្នកភាគីពាក់ព័ន្ធប្រមាណជា ៤០ នាក់ នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ នៅ សណ្ឋាគារ Hyatt Regency ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

Women's World Banking ដែលជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ មានបទពិសោធន៍ជាង 40 ឆ្នាំក្នុងការរចនាដំណោះស្រាយជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីឈានចូលទីផ្សារស្ត្រីដែលមានប្រាក់ចំណូលទាបដោយប្រើវិធីសាស្រ្តរចនាដែលផ្តោតលើស្ត្រី។ ព្រឹត្តិការណ៍សម្ពោធនេះបានរំលេចចេញនូវការសិក្សា និងអនុសាសន៍ពីការងាររបស់ Women's World Banking ជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុនានាក្នុងប្រទេសកម្ពុជាក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ ដែលរួមមាន៖ ធនាគារ វីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាដើម។ កម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នសំខាន់ៗរបស់រាជរដ្ឋាភិបាល ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគមឧស្សាហកម្មនានា និងអង្គការមិនរកប្រាក់ចំណេញផ្សេងដទៃទៀតនៅកម្ពុជា។

ធនាគារ វីង បានឈានមុខគេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលនៅក្នុងប្រទេសកម្ពុជា ដោយមានកម្មកររោងចក្រជាច្រើន ទទួលបានប្រាក់ខែតាមរយៈគណនីធនាគារវីងរបស់ពួកគេ។ គម្រោងដែល Women’s World Banking កំពុងដំណើរការជាមួយធនាគារ វីង គឺការកំណត់នូវឧបសគ្គផ្សេងៗដែលកម្មការិនីរោងចក្រ ជួបប្រទះក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។ ការទទួលបានសេវាហិរញ្ញវត្ថុ គ្រាន់តែជាការចាប់ផ្តើមនៃដំណើរហិរញ្ញវត្ថុរបស់ស្ត្រីប៉ុណ្ណោះ ហើយជំហានបន្ទាប់គឺការបង្កើនការប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ។

លោក Manu Rajan អគ្គនាយកនៃក្រុមហ៊ុន វីង បានថ្លែងថា «វាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលចំនួនស្ត្រីប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទនៅមានទាប បើប្រៀបធៀបទៅនឹងបុរស ដែលប្រហែលជាបណ្តាលមកពីការខ្វះទំនុកចិត្តក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឌីជីថល សូម្បីតែបន្ទាប់ពីពួកគាត់អាចប្រើប្រាស់បានក៏ដោយ»។ លោកបានកត់សម្គាល់ថា ស្ត្រីអាចមានភាពងាយស្រួលក្នុងការសួរសំណួរដោយផ្ទាល់ទៅកាន់ភ្នាក់ងាររបស់វីង ដែលមានវត្តមានច្រើនកន្លែង ហើយភាគច្រើនជាស្ត្រី ដោយចូលចិត្តនិយាយទៅកាន់ពួកគេនៅពេលពួកគេមានបញ្ហាក្នុងការធ្វើប្រតិបត្តិការ ឬនៅពេលដែលពួកគេមានសំណួរផ្សេងៗអំពីផលិតផល និងសេវាកម្មរបស់វីង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បច្ចុប្បន្នកំពុងធ្វើការជាមួយ Women's World Banking លើគម្រោងមួយដើម្បីទាក់ទាញអតិថិជនជាស្ត្រីវ័យក្មេង ឲ្យកាន់តែច្រើនជាងអតិថិជនអាយុច្រើននៅតាមជនបទ។ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៉ី បានថ្លែងថា៖ «ជាលទ្ធផលនៃការធ្វើការជាមួយ Women's World Banking អេ អឹម ខេ កំពុងសម្លឹងមើលឲ្យកាន់តែដិតដល់ក្នុងការកំណត់អត្តសញ្ញាណករណីប្រើប្រាស់សំខាន់ៗ ដើម្បីទាក់ទាញអតិថិជនស្ត្រីថ្មីៗ និងធានាថាឧបសគ្គដែលស្ត្រីប្រឈមមុខក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមផ្លូវការត្រូវបានកំណត់ ហើយ វិធានការនានាត្រូវបានអនុវត្តដើម្បីឲ្យដំណើរអតិថិជនរបស់ស្ត្រីកាន់តែប្រសើរឡើង»។

លោកសង្ឃឹមទៀតថា ស្ត្រីអាចទទួលបានទំនុកចិត្តកាន់តែខ្លាំងជាមុនក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់បានកាន់តែទូលំទូលាយនូវផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ។

កម្មវិធីនេះក៏មានគោលបំណងចែករំលែកការរកឃើញនូវដំណោះស្រាយនិងការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជាដោយក្រុមប្រឹក្សារបស់ Women’s World Bankingដើម្បីគាំទ្រដល់ការបង្កើតគោលនយោបាយមួយដែលផ្អែកលើភស្តុតាង។

លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានថ្លែងសុន្ទរកថាអំពីចំណុចសំខាន់ៗ អំពីរបៀបដែលបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីអាចកសាងផ្លូវឆ្ពោះទៅរកការពង្រឹងសេដ្ឋកិច្ច។ លោក រ័ត្ន សុវណ្ណនរៈ ក៏បានចែករំលែកទិដ្ឋភាពទូទៅនៃកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមនានារបស់ធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសជាពិសេសសម្រាប់ស្ត្រី។

លោកស្រី គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចែករំលែកអំពីសារៈសំខាន់នៃការមានចក្ខុវិស័យយេនឌ័រនៅពេលរៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី។

នៅក្នុងកម្មវិធីនេះ ក៏មានកិច្ចពិភាក្សាលើប្រធានបទ៖ «គំរូល្អក្នុងការធ្វើឲ្យបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីក្លាយជាមាគ៌ាឆ្ពោះទៅរកការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីនៅកម្ពុជា» ដោយមានការចូលរួមពីលោក Manu Rajan អគ្គនាយកនៃក្រុមហ៊ុនវីង លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៉ី និងលោកស្រី Sabine Joukes នាយិកាអង្គការផេកប្រចាំកម្ពុជា ជាអ្នកពិភាក្សាកិត្តិយស។ ការពិភាក្សាបានសន្និដ្ឋានថា ការអនុវត្តចក្ខុវិស័យយេនឌ័រនៅពេលរចនាផលិតផល និង សេវាកម្មហិរញ្ញវត្ថុ ព្រមទាំងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលអាចបង្កើនឱកាសសម្រាប់អ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីឈានកាន់តែជិតទៅដល់អតិថិជនជាស្ត្រី ដែលនឹងនាំទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលពីសេវាហិរញ្ញវត្ថុផងដែរ៕