(បរទេស)៖ ថ្មីៗនេះកម្មវិធីចែករំលែកវីដេអូខ្លីៗ TikTok ដែលគ្រប់គ្រងដោយជនជាតិចិនកំពុងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់មួយដែលត្រូវបានដាក់ដោយអគ្គមេធាវីរដ្ឋ Indiana សហរដ្ឋអាមេរិក ជុំវិញការបង្ហាញខ្លឹមសារមិនសមរម្យមួយចំនួនទៅកាន់អនីតិជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

យោងតាមអគ្គមេធាវីរដ្ឋ Indiana លោក Todd Rokita បាននិយាយថា កម្មវិធីដ៏ពេញនិយមដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance បានបំពានច្បាប់ការពារអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក។ ជុំវិញខ្លឹមសារពាក្យបណ្តឹងដែលបានដាក់ដោយការិយាល័យរបស់ Rokita បាននិយាយថា TikTok បានបោកបញ្ឆោតឪពុកម្តាយរបស់អនីតិជនជាមួយនឹងការវាយតម្លៃអាយុកុមារចាប់ពី ១២ឆ្នាំឡើងទៅនៅក្នុងការទាញយកពី Store របស់ Apple និង Google។ លើសពីនេះទៅទៀតនៅក្នុងពាក្យបណ្តឹងនោះបានបន្ថែមទៀតថា TikTok បានបង្ហាញខ្លឹមសារមិនសមរម្យមួយចំនួនដល់កុមារដោយក្នុងនោះរួមមាន វីដេអូអាសអាភាស ការផ្សព្វផ្សាយសាធារតុញៀន ឬគ្រឿងស្រវឹង និងវីដេអូកាប់សម្លាប់ដែលបានជះឥទ្ធិពលអាក្រក់ដល់កុមារ។

គួរបញ្ជាក់ដែលថា បច្ចុប្បន្ននេះរដ្ឋាភិបាលរដ្ឋ Indiana កំពុងរៀបចំចំណាត់ការផ្លូវច្បាប់ចំពោះ TikTok តែយ៉ាងណាទាក់ទិននឹងបញ្ហានេះមិនទាន់មានប្រភពណាមួយបញ្ជាក់លម្អិតថា TikTok នឹងទទួលការផាកពិន័យបែបណានោះទេ៕