(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២២ម្សិលមិញ នៅក្រុមហ៊ុន ជីប ម៉ុង ក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម យុទ្ធនាការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិតរបស់ក្រុមហ៊ុន ជីប ម៉ុង ថ្ងៃទី១ បានប្រព្រឹត្តទៅដោយជោគជ័យដោយមានការចូលរួមស្ម័គ្រចិត្តបរិច្ចាគពីបុគ្គលិកជាច្រើននាក់លើសផែនការ ដែលគ្រោងទុក។

អ្នកស្រី ងិន លីដា ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ និងជាអ្នកសម្របសម្រួលយុទ្ធនាការផ្ដល់ឈាម ជីប ម៉ុង បានបង្ហាញថា នេះគឺជាភាពជោគជ័យមួយរបស់ក្រុមហ៊ុន ជីប ម៉ុង នៅក្នុងសកម្មភាពមនុស្សធម៌ ដែលមានបុគ្គលិកជាច្រើន ទាំងប្រុស ទាំងស្រី បានស្រាក់ដៃគ្នាចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមស្ម័គ្រចិត្តផ្ដល់ឈាម លើសពីនេះអាចបញ្ជ្រៀបការយល់ដឹងទៅដល់ប្រជាពលរដ្ឋជាច្រើនអំពីសារសំខាន់ និងដំណើរការបរិច្ចាគឈាមប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍យើង។

ក្នុងចំណោមអ្នកបរិច្ចាគឈាមទាំងអស់ លោក ពិសិដ្ឋ ដែលជាបុគ្គលិក ជីប ម៉ុង និងតែងតែមានវត្តមានជានិច្ចនៅក្នុងយុទ្ធនាការផ្ដល់ឈាមនេះ បានបង្ហាញនូវចំណាប់អារម្មណ៍រីករាយ និងមានមោទកភាព ដែលបានក្លាយជាចំណែកសង្គ្រោះជីវិតអ្នក ដែលត្រូវការឈាមចាំបាច់ ថែមទាំងបានបណ្ដុះស្មារតីឱ្យប្រជាជនដទៃទៀតចូលរួមផងដែរ។

ការចូលរួមនេះ ជាអំពើសប្បុរសធម៌ដ៏ថ្លៃថ្លាក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលអ្នកស្ម័គ្រចិត្តបរិច្ចាគទាំងអស់បានក្លាយជាចំណែកមួយក្នុងការ បំពេញកង្វះខាតឈាមដល់មន្ទីរពេទ្យក្នុងស្រុក។ ជាពិសេសទៀតនោះ ការបរិច្ចាគឈាមមានផលប្រយោជន៍សម្រាប់សុខភាពជាច្រើនដូចជា កាត់បន្ថយហានិភ័យនៃជំងឺមហារីកផ្សេងៗ ជំងឺដាច់សរសៃឈាមខួរក្បាល ការលើសឈាម ការឡើងទម្ងន់ និងអត្ថប្រយោជន៍ជាច្រើនទៀត។

សូមបញ្ជាក់ថា យុទ្ធនាការផ្ដល់ឈាម នៅក្រុមហ៊ុន ជីប ម៉ុង នេះទើបតែជាថ្ងៃដំបូងប៉ុណ្ណោះ ដោយ សម្ព័ន្ធពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ៤ ទៀត រួមមាន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍, ធនាគារ ជីប ម៉ុង, ជីប ម៉ុង រីថែល និង ជីប ម៉ុង លែន នឹងត្រៀមរៀបចំកម្មវិធីបរិច្ចាគឈាមជាបន្តទៀត ចាប់ពីថ្ងៃទី ១៣-១៥ ខែធ្នូ ឆ្នាំ ២០២២ ទៅតាមទីតាំងនីមួយៗ។

ចំពោះសាធារណជន អាចចូលរួមធ្វើជាវីរជនសង្គ្រោះជីវិតជាមួយជីប ម៉ុង បាននៅ៖

* ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២
* វេលាម៉ោង ៩:៣០ ព្រឹក - ៤:០០ រសៀល
* ទីតាំង ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

ចូលរួមទាំងអស់គ្នា «បរិច្ចាគឈាម សង្គ្រោះជីវិត»!៕