(ដូហា)៖ ខ្សែប្រយុទ្ធល្បីឈ្មោះបោះសំឡេង Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា គាត់បានសម្រេចចិត្តចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al Nassr លើកិច្ចសន្យាដែលគាត់អាចរកចំណូលបាន ២០០លានអឺរ៉ូឯណោះ។

សេចក្តីរាយការណ៍របស់អ្នកសារព័ត៌មាន Marca ឈ្មោះ Jose Felix Diaz ត្រូវបានគេហទំព័រ GOAL ផ្សាយនៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ នេះថា កិច្ចព្រមព្រៀងបានរៀបចំរួចរាល់ហើយ ហើយគាត់នឹងហោះទៅទីក្រុងរីយ៉ាដ (Riyadh) ដើម្បីចុះហត្ថលេខា ក្រោយពីយុទ្ធនាការរបស់គាត់ជាមួយជម្រើសជាតិព័រទុយហ្កាល់ចប់សព្វគ្រប់។

អ្នកសារព័ត៌មានដដែលអះអាងថា «Cristiano Ronaldo កំពុងតែចំណាយពេលចុងក្រោយសម្រាប់ World Cup។ ព័រទុយហ្កាល់ នៅមានវគ្គត្រូវបន្តប្រកួត ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានដឹងពីអនាគតរបស់គាត់ គឺនៅអារ៉ាប៊ីសាអូឌីត»

លោកបន្តថា កិច្ចសន្យាគឺ ២ឆ្នាំកន្លះ។ គាត់នឹងទទួលប្រាក់ឈ្នួលជាច្រើន ទាំងការប្រកួត និងសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរឆាប់ៗនេះទេ គាត់នឹងចូលរួមនៅក្នុងការប្រកួត World Cup និងហោះទៅទីក្រុងរីយ៉ាដ ហើយចុះហត្ថលេខាលើការប្តេជ្ញាចិត្តរបស់គាត់។

សូមជម្រាបថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo ធ្លាប់បានចេញមុខមកទាត់ចោលពាក្យចចាមអារ៉ាមថា គាត់នឹងទៅលេងឲ្យក្លិបអារ៉ាប៊ីសាអូឌីត Al Nassr ក្រោយយុទ្ធនាការ World Cup 2022 នៅកាតា។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Daily Mail កាលពីថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២។

«ទេ! មិនពិតទេ»។ នេះជាពាក្យបដិសេធ ដែលកីឡាករវ័យ ៣៧ឆ្នាំលើកឡើង ក្រោយបញ្ចប់ការប្រកួតដែលព័រទុយហ្កាល់ឈ្នះស្វីសក្នុងលទ្ធផល ៦-១ នៃវគ្គ ១៦ក្រុម។

មានសេចក្តីរាយការណ៍ថា Ronaldo បានភ្ជាប់ខ្លួននឹងក្លិប Al Nassr បន្ទាប់ពីតារាឆ្នើមរាងស្អាតរូបនេះ ត្រូវបានបញ្ចប់កុងត្រាដោយក្លិបបិសាចក្រហមនៅអង់គ្លេស Manchester United ក្រោយការសម្ភាសដ៏កក្រើកជាមួយលោក Piers Morgan ដោយលោកបានរិះគន់គ្រូដឹកនាំ Erik Ten Hag និងម្ចាស់ក្លិបយ៉ាងចាស់ដៃ។ ឥឡូវនេះ Ronaldo មិនមានតម្លៃខ្លួននោះទេ។

បើយោងតាមសារព័ត៌មានកីឡារបស់អេស្ប៉ាញ Marca នាយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ អះអាងថា Cristiano Ronaldo នឹងចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al Nassr បន្ទាប់ពីការចាកចេញពាក់កណ្តាលរដូវកាលរបស់លោកពីក្លិប Manchester United។ តាមរបាយការណ៍បង្ហាញថា ប្រាក់ខែប្រចាំឆ្នាំរបស់លោក មានជិត២០០លានអឺរ៉ូ នឹងធ្វើឲ្យលោកក្លាយជាអត្តពលិក ដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

បន្ទាប់ពីមានភាពចម្រូងចម្រាស ប៉ុន្មានខែរហូតដល់បើករដូវកាល ២០២២-២៣, ក្លិប United បានប្រកាសនៅថ្ងៃទី២២ ខែវិច្ឆិកាថា ភាគីទាំងពីរបានព្រមព្រៀងគ្នាទាំងសងខាង ក្នុងការចែកផ្លូវគ្នា។ Ronaldo បាននិងកំពុងចូលរួមប្រកួត ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅឯព្រឹត្តិការណ៍ World Cup ចាប់តាំងពីពេលនោះមក។

ក្លិប Al Nassr កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងតារាងលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League កំពុងមាន ៣ពិន្ទុពីក្រោយក្រុមនាំមុខ Al Shabab FC ក្រោយឆ្លងកាត់ ៨ប្រកួត។ Al Nassr ធ្លាប់ដណ្តើមបានពានរង្វាន់លីគកំពូលនេះចំនួន ៣លើក គិតចាប់តាំងពីឆ្នាំ២០១៤ មក៕