(បរទេស)៖ សហភាពអឺរ៉ុបសម្រេចកំណត់កាលបរិច្ឆេទជាផ្លូវការហើយ ដោយតម្រូវឱ្យស្មាតហ្វូនទាំងអស់ដែលដាក់លក់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវតែមានរន្ឋ USB-C ហើយនេះក៏ជាថ្ងៃដែល iPhone ទាំងអស់ត្រូវចេញឆ្ងាយពីរន្ឋ Lightning ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

សហភាពអឺរ៉ុបបានអនុម័តជាផ្លូវការនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃដែលគ្រប់ផលិតស្មាតហ្វូនទាំងអស់ដែលដាក់លក់នៅសហភាពអឺរ៉ុបដាច់ខាតត្រូវតែប្រើរន្ឋ USB-C ជាពិសេសផលិតផល iPhone តែម្តង។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែថេប្លេត ក៏ដូចជាគ្រឿងប្រើប្រាស់បន្ថែមទៀតរបស់ Apple រួមមាន AirPods, mac keyboards, mouse និង trackpads ក៏ត្រូវបានប្តូរទៅប្រើរន្ឋ USB-C ស្របតាមច្បាប់ថ្មីនេះផងដែរ។

យ៉ាងណាមិញជុំវិញការផ្លាស់ប្តូរនេះ Apple បានបញ្ជាក់ថា ខ្លួននឹងមិនមានជម្រើសអ្វីផ្សេងទេ ក្រៅពីស្របតាមច្បាប់ថ្មីរបស់សហភាពអឺរ៉ុបនោះ។ តែបើតាមរបាយការណ៍កន្លងមក Apple អាចនឹងផ្លាស់ប្តូរមុនច្បាប់ថ្មីរបស់សហភាពអឺរ៉ុបដោយ Apple ធ្លាប់បានអះអាងថា ខ្លួនគ្រោងនឹងប្តូររន្ឋ USB-C សម្រាប់ iPhone 15 នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕