(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងឲ្យដឹងថា ស្ថានភាពពិភពលោកបច្ចុប្បន្ន យើងឃើញថា ឧស្សាហកម្មអាកាសចរណ៍កំពុងប្រឈម នឹងការងើបឡើងវិញមិនស្មើគ្នា ដោយសារជំងឺរាតត្បាតកូវីដ-១៩។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការបន្តកើនឡើងដែរ ហើយជារួមនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២ រាជរដ្ឋភិបាលកំពុងជំរុញឲ្យឧស្សាហកម្មអាកាសចរណ៍ ខិតទៅជិតការងើបឡើងឲ្យបានពេញលេញវិញ។ ប្រទេសជាច្រើនទៀត បានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ពួកគេ ដោយបើកប្រទេសខ្លួនឡើងវិញ រួមទាំងប្រទេសមួយចំនួនធំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងជំរុញឲ្យមានការងើបឡើងវិញនៃឧស្សាហកម្មនេះ ដោយរំពឹងថា នឹងឈានដល់កម្រិតឆ្នាំ២០១៩ ក្នុងឆ្នាំ២០២៣-២០២៤ ខាងមុខនេះ។

ការថ្លែងបញ្ជាក់ឲ្យដឹងបែបនេះ ពីសំណាក់លោករដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន AirAsia និងក្រុមហ៊ុន Sivilai Asia ដើម្បីបង្កើតក្រុមហ៊ុន AirAsia Cambodia ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ Rosewood Hotel។ ពិធីនេះក៏មានវត្តមានលោក Tony Fernandes នាយកប្រតិបត្តិនៃ Capital A និង Vissoth Nam នាយកក្រុមហ៊ុន Sivilai Asia ព្រមទាំងដៃគូសហការ និងអ្នកវិនិយោគជាច្រើននាក់។

លោករដ្ឋមន្ត្រី បានបន្តឲ្យដឹងទៀតថា តំបន់​អាមេរិក​ខាង​ជើង​បានកត់​សម្គាល់ឃើញថា មាន​ការ​ស្ទុះ​ងើប​ឡើង​វិញ​ខ្ពស់​បំផុត​​នៅ​ទូទាំង​ពិភពលោក ដោយឡែកនៅក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ក៏បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​ច្រើនគួរឲ្យកត់សំគាល់ នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២២ នេះ ​ដូចជា​ប្រទេស​ជប៉ុន ​ទើប​តែ​បើក​ច្រក​ព្រំដែន​របស់​ខ្លួន​នា​ពេល​ថ្មីៗ​ និងជាឧទាហរណ៍ នៅទីក្រុងហុងកុង ក៏ទើបតែបានបញ្ចប់គោលនយោបាយ ដាក់ឲ្យនៅដាច់ពីគ្នាក្នុងសណ្ឋាគារកូវីដ-១៩ របស់ខ្លួន សម្រាប់អ្នកធ្វើដំណើរមកដល់ទាំងអស់ផងដែរ។

លោកបណ្ឌិតបានបន្ថែមថា នៅក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​យើងមានការស្ទុះងើបឡើងវិញ នៃការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិយឺតបន្តិចនោះ ក៏ដោយសារតែមូលហេតុ «គោលនយោបាយ ហ្សេរ៉ូ-កូវីដ» របស់ ប្រទេសចិន ដែលធ្វើឲ្យប្រភពភ្ញៀវអន្តរជាតិដ៏ធំនេះ មិនទាន់អាចបំពេញបន្ថែម ឲ្យស្មើនឹងចំនួនអ្នកដំណើរនៅឆ្នាំ២០១៩ នៅឡើយ។ ជាក់ស្តែងនៅក្នុងរបាយការណ៍ខែសីហា ឆ្នាំ២០២២ របស់ អង្គការអាកាសចរស៊ីវិលអន្តរជាតិ ICAO បានព្យាករណ៍ពីសមត្ថភាពជើងហោះហើរអន្តរជាតិ របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ២០២២ ដែលនឹងអាចឈានដល់ ៧៩% ទៅ ៩០% បើប្រៀបធៀបទៅនឹងតួលេខឆ្នាំ២០១៩។

យ៉ាងណាមិញនៅក្នុងប្រទេសកម្ពុជា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងស្មារតីប្រុងប្រយ័ត្នខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, កម្ពុជាបានបន្តពង្រឹងសេដ្ឋកិច្ច សហប្រតិបត្តិការកាន់តែមានភាពប្រទាក់ក្រឡា និងស្អិតរមួតជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ជាពិសេសបានដាក់ចេញនូវកញ្ចប់គោលនយោបាយ និងវិធានការអន្តរាគមន៍ក្នុងផ្នែកសេដ្ឋកិច្ច សង្គម និងហិរញ្ញវត្ថុ ប្រកបដោយភាពបុរេសកម្ម និងប្រាកដនិយម ដើម្បីគ្រប់គ្រងសកម្មភាពនៃវិបត្តិជំងឺកូវីដ-១៩ និងរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនឡើងវិញ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសង្កត់ធ្ងន់ថា ក្នុងនាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលសូមផ្ដល់ជាអនុសាសន៍ណែនាំដូចខាងក្រោម៖

បន្តាប់ពីមានការឯកភាពជាគោលការណ៍របស់សម្តេចតេជោ (Initial Principle Approval) ដល់ក្រុមហ៊ុនអ៊ែរអេស៊ីកម្ពុជា (AirAsia Cambodia) ដើម្បីទទួលបាននូវវិញ្ញាបនបត្រប្រតិបត្តិការតាមផ្លូវអាកាស (Air Operator certificate AOC) សម្រាប់អាជីវកម្មជាលក្ខណៈពាណិជ្ជកម្ម (Commercial Air Transport) សម្រាប់ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ តាមផ្លូវអាកាសក្នុងស្រុក និងក្រៅស្រុក តាមកម្មវិធី (Schedule) និងក្រៅកម្មវិធី (Non-Schedule) ក្រុមហ៊ុនត្រូវធ្វើការទំនាក់ទំនង និងសហការឲ្យបានជិតស្និទ្ធ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងការបំពេញបែបបទស្របទៅតាមវិធានការ នីតិវិធី បញ្ញត្តិនៃច្បាប់ និងលក្ខខណ្ឌតម្រូវការជាធរមាន ដើម្បីទទួលបាននូវអាជ្ញាប័ណ្ណវិញ្ញាបនបត្រប្រតិបត្តិការតាមផ្លូវអាកាស (AOC) នេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ នឹងពង្រឹងម៉ាកយីហោរបស់ AirAsia នៅកម្ពុជា និងឥណ្ឌូចិនបន្ថែមទៀត ដោយផ្តល់ឲ្យក្រុមហ៊ុន AirAsia នូវលទ្ធភាពកាន់តែច្រើន ទៅកាន់ទីផ្សារក្នុងស្រុករបស់ខ្លួន ហើយសំខាន់បំផុត គឺការភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិទូទាំងតំបន់អាស៊ាន អាស៊ីខាងជើង និងលើសពីនេះ។ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះនឹងអនុញ្ញាតឲ្យ AAAGL ដំណើរការទៅកាន់ទីផ្សារដែលមានស្រាប់ផ្សេងៗ ដែលមានវត្តមាន និងប្រតិបត្តិការរួចហើយ ដើម្បីបង្កើតទំហំ ការតភ្ជាប់បណ្តាញ និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការបន្ថែមទៀត។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មានគោលបំណងជំរុញបន្ថែមទៀត នូវឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍កម្ពុជា ចាប់ផ្តើមគោលដៅថ្មីគួរឲ្យរំភើប បង្កើតការងារ និងនាំមកនូវប្រតិបត្តិការតម្លៃទាបពិតប្រាកដ ដល់ប្រជាជនក្នុងប្រទេស៕