(ភ្នំពេញ)៖ ការប្រកួត World Cup ២០២២ នៅប្រទេសកាតាលើកនេះ ជាវត្តមានចុងក្រោយក្នុងឆាកជីវិតរបស់កីឡាករអាហ្សង់ទីន Lionel Messi មានអាយុ ៣៥ឆ្នាំ និងកីឡាករព័រទុយហ្គាល់ Cristiano Ronaldo វ័យ៣៧ឆ្នាំ។ ទោះជា Ronaldo និង Messi ជាកីឡាករដ៏អស្ចារ្យបំផុតធ្លាប់ឈ្នះពានធំៗជាច្រើនក្តី ប៉ុន្តែពួកគេនៅមិនទាន់បានលើកពាន World Cup ម្ដងឡើយក្នុងឆាកជីវិតពួកគាត់។

ក្រុមហ៊ុនភេសជ្ជៈ BOOSTRONG បានបង្ហាញពីគោលបំណងដ៏ធំមួយ គឺប្រសិនបើប្រទេសអាហ្សង់ទីន ឬ ព័រទុយហ្គាល់ លើកពាន WORLD CUP លើកនេះ ក្រុមហ៊ុន BOOSTRONG នឹងអញ្ជើញក្រុម Messi ឬ Ronaldo មកទស្សនាប្រទេសខ្មែរ ជាពិសេសប្រាសាទអង្គរវត្តយើង ដោយក្រុមហ៊ុន BOOSTRONG នឹងធានារ៉ាប់រងរាល់ការចំណាយលើដំណើរកម្សាន្តទេសចរណ៍ក្នុងប្រទេសខ្មែរយើង។

តំណាងក្រុមហ៊ុន BOOSTRONG បានលើកឡើងថា គោលបំណងនៃការអញ្ជើញក្រុម Messi ឬ Ronaldo មកប្រទេសយើង គឺដើម្បីអបអរដល់ជ័យជម្នះនៃការសម្រេចបំណងលើកពានបាល់ទាត់ពិភពលោករបស់គាត់ ហើយប្រសិនបើកំពូលកីឡាករទាំង២រូប យល់ព្រមអញ្ជើញមកនោះពិភពលោក ក៏កាន់តែស្គាល់វប្បធម៌ខ្មែរយើងទូលំទូលាយ និងចង់មកទស្សនាប្រទេសខ្មែរយើងកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BOOSTRONG គឺជាក្រុមហ៊ុនដៃគូឧបត្ថម្ភធំផ្លូវការដែលបាននាំយកការផ្សាយផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក មកផ្សាយជូនប្រជាជនខ្មែរយើង បានទស្សនាទូទាំងប្រទេស៕