(កូរ៉េ)៖ មហាសេដ្ឋីជប៉ុន Yusaku Maezawa ដែលគេស្គាល់ថា ជាអ្នកលក់រាយតាមអនឡាញដ៏ល្បីម្នាក់នោះ បានប្រកាសថា តារា K-POP បុរសលោក TOP ឬហៅថា Choi Seung Hyun អតីតសមាជិកក្រុម Big Bang និងតន្រ្តីករអាមេរិក DJ Steve Aoki នឹងក្លាយជាសមាជិកទាំង៨នាក់ ដែលលោកគ្រោងនឹងធ្វើដំណើរជាមួយ ទៅជុំវិញឋានព្រះច័ន្ទនៅឆ្នាំក្រោយ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ SpaceX របស់កំពូលមហាសេដ្ឋី Elon Musk។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

លោក Maezawa បានទិញកៅអីទាំងអស់នៃយានទៅលេងឋានព្រះច័ន្ទ ដែលគម្រោងការនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨មកម្ល៉េះ ត្បិតកាលណោះ Elon Musk និង Maezawa បានប្រកាសជាផ្លូវការថា ពួកគេនឹងចាប់ផ្តើមបេសកកម្មបង្ហោះយាន Starship ជាលក្ខណៈដំណើរទស្សនកិច្ចលើកដំបូងបង្អស់។ បន្ទាប់មក Maezawa បានប្រើបណ្តាញសង្គម ដើម្បីជ្រើសរើសសមាជិកនាវិកប្រាំបីនាក់មកពីជុំវិញពិភពលោក ដើម្បីចូលរួមជាមួយលោកក្នុងដំណើរកម្សាន្ត ឋានព្រះច័ន្ទដោយនិយាយថា មានមនុស្ស ១លាននាក់បានដាក់ពាក្យ។

យ៉ាងណាមិញ សម្រាប់ដំណឹងនៃការជ្រើសយកតារា K-POP និងតារាអាមេរិកខាងលើ ត្រូវបានប្រកាសដោយ Maezawa នៅលើ Twitter និងនៅលើគេហទំព័រ សម្រាប់អ្វីដែលលោកដាក់ឈ្មោះថា #dearMoon Project។ បេសកកម្មនៅលើយាន Starship របស់ក្រុមហ៊ុន SpaceX គ្រោងនឹងចំណាយពេល៨ថ្ងៃ ពីការបាញ់បង្ហោះ ដើម្បីត្រឡប់មកផែនដីវិញ រួមទាំងរយៈពេល៣ថ្ងៃជុំវិញព្រះច័ន្ទ ដែលចូលមកក្នុងចម្ងាយ ២០០គីឡូម៉ែត្រពីផ្ទៃព្រះច័ន្ទ។ ទោះបីជាការហោះហើរត្រូវបានកំណត់ពេលនៅឆ្នាំ ២០២៣ក៏ដោយ ក៏វាកំពុងប្រឈមនឹងការពន្យារពេល ដោយសារតែការសាកល្បងបន្ត នៃយានអវកាស និងគ្រាប់រ៉ុក្កែតរបស់វា។

ក្រោយទទួលដំណឹងថា ខ្លួនត្រូវបានជ្រើសរើសតារា K-POP TOP បាននិយាយនៅក្នុងវីដេអូមួយយ៉ាងដូច្នេះថា «ខ្ញុំមានអារម្មណ៍មោទនភាព និងទំនួលខុសត្រូវខ្ពស់ ក្នុងការក្លាយជាជនស៊ីវិលកូរ៉េ ដំបូងគេដែលទៅឋានព្រះច័ន្ទ»៕