(ភ្នំពេញ)៖ ក្រុមហ៊ុន WorldBridge Group នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន Jaymart Group របស់ប្រទេសថៃ ដើម្បីស្វែងរកឱកាសក្នុងការនាំយកផលិតផល និងសេវាកម្មថ្មីៗពីផលបត្រផលិតផលដ៏ច្រើនរបស់ក្រុមហ៊ុន Jaymart Group មកកាន់ទីផ្សារកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បានធ្វើឡើងក្រោមវត្ដមានលោក Adisak Sukumvitaya នាយកប្រតិបត្តិក្រុមហ៊ុន Jay Mart Public Company Limited និងអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

អ្នកឧកញ៉ា សៀ ឫទ្ធី បានថ្លែងឱ្យដឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបើកទំព័រថ្មីមួយទៀតនៃទីផ្សារកម្ពុជា ទៅលើវិស័យធុរកិច្ច ហើយដែលកំពុងសិក្សាអនុវត្ដ និងធ្វើការវិនិយោគលើសេវាកម្ម ចំនួន៣ គឺលើវិស័យហិរញ្ញវត្ថុ វិស័យអចលទ្រព្យ និងគ្រឿងអេឡិចត្រនិច។

អ្នកឧកញ៉ាដ៏ឆ្នើមរូបនេះ បានគូសបញ្ជាក់ថា «វិស័យទាំង៣ខាងលើនេះ គឺជាទីផ្សារមួយដែលកម្ពុជាយើងរាល់ថ្ងៃមានតម្រូវការ ដូច្នេះយើងត្រូវការបទពិសោធន៍ពី ក្រុមហ៊ុន Jaymart Group ដែលមានបទពិសោធន៍ និងទទួលបានជោគជ័យរួចទៅហើយលើវិស័យទាំងនេះ។ ក្នុងឱកាសចាប់ជាដៃគូនេះ យុវជនកម្ពុជាយើង​អាចរៀនសូត្របទពិសោធន៍ពីគាត់ ដើម្បីវិនិយោគនៅប្រទេសយើង»

អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ថា លោកគ្រោងនឹងបើកក្រុមហ៊ុនថ្មីមួយ បន្ទាប់ពីចុះហត្ថលេខាជាមួយក្រុមហ៊ុន Jaymart Group ដែលជាឱកាសបង្កើតការងារដល់ប្រជាជនកម្ពុជាបន្ថែមទៀត។ អ្នកឧកញ៉ាបន្ដថា «កិច្ចការងារបន្ដដែលយើងនឹងធ្វើបន្ទាប់ពីចុះហត្ថលេខា គឺបង្កើតក្រុមការងារដើម្បីសិក្សាអំពីផ្លូវច្បាប់ជាមួយនឹងការចុះឈ្មោះក្រុមហ៊ុន ហើយយើងនឹងបញ្ចប់ការងាររបស់យើងនៅត្រីមាសទី១នៅដើមឆ្នាំក្រោយ»

លោក Adisak Sukumvitaya នាយកប្រតិបត្តិក្រុមហ៊ុន Jay Mart Public Company Limited មានប្រសាសន៍ថា ក្រុមហ៊ុន Jaymart Group ជាក្រុមហ៊ុនវិនិយោគខាងផ្នែកបច្ចេកវិទ្យាដែលមានប្រព័ន្ធអេកូឡូស៊ីពេញលេញ រាប់ចាប់ពីអាជីវកម្មពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា លក្ខណៈស្ដង់ដារអន្ដរជាតិ។

លោកបន្តថា «ការចាប់ដៃគូជាមួយក្រុមហ៊ុន WorldBridge គឺជាពង្រីកប្រព័ន្ធអេកូឡូស៊ី ដែលរួមគ្នាអាចធ្វើឱ្យអាជីវកម្មមានការរីកចម្រើន ជាពិសេសនៅពេលពង្រីកទៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត»

លោកបានកត់សម្គាល់បន្ថែមថា៖ «ក្រុមហ៊ុន Jaymart Group នឹងនាំមកនូវបទពិសោធន៍អាជីវកម្មរបស់ខ្លួនដើម្បីបំពេញបន្ថែមនូវអ្វីដែលក្រុមហ៊ុន WorldBridge មានស្រាប់ និងការយល់ដឹងអំពីតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា»

ក្រុមហ៊ុន WorldBridge Group ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបង្កើតភាពជាដៃគូជាលក្ខណៈអន្តរជាតិប្រកបដោយគុណភាពនោះ បានពង្រីកផលប័ត្រអាជីវកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ដែលលើកកម្ពស់ការតភ្ជាប់ថ្នាក់តំបន់របស់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group មានប្រសាសន៍ថា៖ «ផលិតផល និងសេវាកម្មដែលយើងកំពុងស្វែងរកជាមួយក្រុមហ៊ុន Jaymart អាចផ្តល់ជូនអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជានូវការចំណាយទាបជាងមុន និងបង្កើនគុណតម្លៃ»

អ្នកឧកញ៉ា សៀ ឫទ្ធី បន្ថែមថា គោលដៅរបស់ក្រុមហ៊ុន គឺលើកកម្ពស់លទ្ធភាពទទួលបានទំនិញនិងសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាពសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា៕