(ភ្នំពេញ)៖ ​ព្រីមៀរ៍ ផាក ​ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្ដោតលើដីឡូតិ៍ខ្នាតវិឡា ផ្ទះអាជីវកម្ម ខុនដូ អាផាតមិន ក្លិបហាត់ប្រាណ និងអាងហែលទឹក បានសម្ពោធបើកលក់ជាផ្លូវការនូវគម្រោងទី២ ដំណាក់កាលទី១ បន្ទាប់ពី​កំណើននៃការលក់គម្រោងទី១ លើ​ផ្ទៃដី៧០ហិកតា សម្រេចបានការលក់រហូតដល់៩០% ត្រឹមរយៈពេល១១ខែ ប៉ុណ្ណោះ។

ពិធីសម្ពោធបើកលក់ផ្លូវការ នូវគម្រោងទី២ នៅលើផ្លូវជាតិ៧មករា ​និងបើកដំណើរការសាកល្បងផ្លូវបេតុងមេទំហំ២២ម៉ែត្រ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានប្រព្រឹត្តិទៅក្រោមវត្តមានលោក ទន់ ឆៃអ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីមៀរ៍ ផាក លោកស្រី សួន ណាផា ​នាយកប្រតិបត្តិក្រុមហ៊ុន ព្រីមៀរ៍ ផាក និងលោក ឈួរ ឈុនហួរ អគ្គនាយករង ក្រុមហ៊ុន ព្រីមៀរ៍ ផាក រួមនឹងអាជ្ញាធរ និងភ្ញៀវចូលរួមជាច្រើននាក់។

លោក ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក បានថ្លែងថា​ អ្វីដែលជំរុញឱ្យលក់ដីឡូតិ៍របស់ព្រីមៀរ៍ ផាក ល្អប្រសើរបែបនេះ ដោយសារ ក្រុមហ៊ុនមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ ហើយដីមានប័ណ្ណកម្មសិទ្ធស្របច្បាប់ ជាពិសេសទីតាំងគម្រោង ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ក្បាលនាគ របស់រាជរដ្ឋាភិបាល ខណៈទីតាំងនេះ ហ៊ុំព័ទ្ធដោយការអភិវឌ្ឍន៍នូវគម្រោងធំៗជាច្រើនដូចជា ពហុកីឡាដ្ឋានជាតិមរតកតេជោ សួនទឹក ហ្គាឌិនស៊ីធី សួនសត្វភ្នំពេញសាហ្វារី ទីលានវាយកូនហ្គោល ផ្សារម៉ាក្រូ វិមានឈ្នះៗ សណ្ឋាគារលំដាប់ផ្កាយ៥ គម្រោងឆាយណាថោន, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,​ បណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា, ​សាលាបណ្តុះបណ្តាលសម្រាប់សិស្ស និងមន្ត្រីរាជការនៃវិស័យយុត្តិធម៌ជាដើម ព្រមទាំងអមដោយទន្លេ២ ផ្ដល់ខ្យល់បរិសុទ្ធ និងជាទីដ៏ល្អបំផុតសម្រាប់ការរស់នៅ។ ម្យ៉ាងវិញទៀត ​គម្រោងនេះមានធនាគារដៃគូដែលបង្កលក្ខខណ្ឌកម្ចីងាយស្រួល ការប្រាក់សមរម្យ និងរយៈពេលកម្ចីវែង។

លោកបន្តថា អ្វីដែលធ្វើឱ្យអតិថិជនកាន់តែចាប់អារម្មណ៍នោះ គឺនៅតាមបណ្តោយផ្លូវ៦ A នេះ ភាគច្រើនជាប្រភេទបុរី​ និងមិនសូវមានលក់​ប្រភេទដីឡូតិ៍នោះទេ ហេតុនេះទើបធ្វើគម្រោងដីឡូតិ៍ខ្នាតធំរបស់ ព្រីមៀរ៍ ផាក ​មានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន ព្រោះពួកគាត់អាចទទួលបានដីធំ មានតម្លៃសមរម្យ និងអាចសង់ម៉ូតផ្ទះដែលខ្លួនពេញចិត្តបាន ។

លោកគូសបញ្ជាក់បន្ថែមថា «សំខាន់ជាងគេ គឺយើងមើលឃើញឱកាស​ ហើយយើងឃើញថាអតិថិជនរបស់យើង គឺគាត់មានតម្រូវការលើដីឡូតិ៍ខ្នាតវីឡា ហើយណាមួយតំបន់នេះយើងងាយស្រួល ក្នុងការអភិវឌ្ឍន៍ ដោយសារតែវាជិតតំបន់អភិវឌ្ឍន៍ស្រាប់។ យើងមានចក្ខវិស័យពង្រីកបន្ថែមទៀតផងដែរ ជាធម្មតាទេ យើងមិនអាចអភិវឌ្ឍន៍ដីឡូតិ៍រហូតបានទេ គឺអាស្រ័យទៅលើតម្រូវការរបស់អតិថិជន អ៊ីចឹងថ្ងៃក្រោយយើងអាចមានជា ដីឡូតិ៍ ផ្ទះ ឬវីឡាទៅតាមតម្រូវការរបស់អតិថិជន»។​

គម្រោងដីឡូតិ៍ខ្នាតវិឡាទី១របស់ ព្រីមៀរ៍ ផាក បានអភិវឌ្ឍន៍​លើដីទំហំ៧០ហិតា នៅជិតពហុកីឡាដ្ឋានជាតិមរតកតេជោ។ ក្នុងនោះដែរ ព្រីមៀរ៍ ផាក បានអភិវឌ្ឍន៍ដីឡូតិ៍ខ្នាតវីឡាលើដីទំហំ៣៣ហិតា មានប្រមាណជា៥០០ឡូតិ៍ ​ដែលក្នុងរយៈពេលត្រឹមតែជាង១១ខែ លក់បានជាង៩០%​។ ​

ដើម្បីអបអរសាទរក្នុងឱកាសបើកលក់គម្រោងទី២នេះ ព្រីមៀរ៍ ផាក ​នឹងផ្តល់ជូននូវការបញ្ចុះតំលៃពិសេសរហូតដល់១៨% និងកាត់ប្លង់រឹងជូនអតិថិជនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ដីឡូតិ៍ខ្នាតវីឡាគម្រោង ព្រីមៀរ៍ ផាក មានច្រើនទំហំដូចខាងក្រោម៖ ១០ម x ២៣ម, ១៥ម x ២០ម, ២០ម x ១៦ ម, ២០ម x ២០ម និងធំជាងនេះទៅតាមតម្រូវការរបស់អតិថិជន។

គម្រោង ព្រីមៀរ៍ ផាក បានចាក់ដីបំពេញរួចរាល់ ១០០% ហើយបច្ចុប្បន្ននេះ បាននឹងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងតាមផែនការដែលគ្រោងទុកដូចជា ប្រព័ន្ធលូ​ ប្រព័ន្ធផ្លូវរដ្ឋ ផ្លូវមេក្នុងគម្រោងជាផ្លូវបេតុង២២ម៉ែត្រ និង២០ម៉ែត្រ ដែលមានកំរ៉ាស់២តឹកតភ្ជាប់ពីផ្លូវជាតិលេខ៦ A ទៅដល់ផ្លូវទំនប់៧មករា ប្រព័ន្ធទឹកភ្លើងរដ្ឋរៀបចំជាស្រេច​ របងខ័ណ្ឌព្រំដីឡូតិ៍នីមួយៗ រៀបឥដ្ឋ២០ថែមទាំងបូកជាស្រេច ​ ហើយគម្រោងនឹងដាំដើមឈើ នៅមុខដីឡូតិ៍នីមួយៗតាមផែនការគ្រោងទុកជូនអតិថិជន​ទៀតផង៕